កម្ពុជា​ស្នើ​ចិន​បង្កើន​អ្នកវិនិយោគ​លើ​ការកែច្នៃ​កសិផល​ដើម្បី​ពង្រឹង​ការនាំចេញ​

25-07-2019 7:31 pm 230
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ជំនួប​ជាមួយ​ភាគី​ចិន​នៅ​ថ្ងៃ​ទី​២៤ កក្កដា បាន​ស្នើ​ទៅ​ដល់​ភាគី​ចិន ជួយ​កៀរគរ​នូវ​អ្នកវិនិយោគ​ចិន​បន្ថែមទៀត មក​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ការនាំចេញ ...

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅថ្ងៃនេះ បាន​ថ្លែងថា កម្ពុជា​ចង់បាន​ការវិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន លើ​ឧស្សាហកម្ម​កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដើម្បី​ធ្វើ​ពិ​ពិធ​កម្ម​ការនាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ ដោយសារ​តែ​កម្ពុជា មាន​កសិផល​មិនទាន់​កែច្នៃ​ច្រើន ដូចជា ផ្លែស្វាយ​ខេត្តកំពង់ស្ពឺ​, ផ្លែ​មៀន​ខេត្ត​ប៉ៃលិន និង​ឈើ​ហូប​ផ្លែ​ច្រើន​ផ្សេងទៀត ។​

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ទើប​ចប់​អាណត្តិ លោក លី អាន នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​ស្នើ​ភាគី​ចិន ជួយ​សម្របសម្រួល​ដល់​ការនាំ​ចេញ​កសិផល​ខ្មែរ និង​ជួយ​កៀរគរ​ក្រុមហ៊ុន​ចិន​ដែល​មាន​ឯកទេស​ត្រឹមត្រូវ មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ។​

​ជាងនេះទៅទៀត លោក​រដ្ឋមន្ត្រី ក៏​បាន​សន្យា​បន្ត​សហការ​ជាមួយ​ភាគី​ចិន ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដើម្បី​ជំរុញ​ការលក់ និង​នាំចេញ​ផលិតផល​ខ្មែរ ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ។​

​យ៉ាងណាក៏ដោយ ក្នុងជំនួប​នោះ លោក លី អាន បាន​ណែនាំ​ដល់​លោក វូ កៅ​ក្វាន់ ដែល​ត្រូវ​ចូលកាន់​តំណែង​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ថ្មី ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​បន្ត​ធ្វើ​កិច្ចការ​រួមគ្នា លើ​កិច្ចការ​អាទិភាព​ផ្សេងៗ ដែល​ប្រទេស​ទាំង​ពីរ​បាន​កំណត់ ៕

ព័ត៌មានផ្សេងទៀត