កម្ពុជា​អរគុណ​អាមេរិក​ចំពោះ​ការផ្តល់​ជំនួយ​គាំទ្រ​សកម្មភាព​កម្ចាត់​មីន​

25-07-2019 7:11 pm 156
  ស្តាប់
ស្តាប់ជាសំឡេង

​លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ក្នុង​ជំនួប​ជាមួយ​ភាគី​អាមេរិក នៅថ្ងៃនេះ បាន​អរគុណ​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការផ្តល់​ជំនួយ​ដល់​កម្ពុជា​សម្រាប់​សកម្ម​ភាព​កម្ចាត់មីន ...

​អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន នៅថ្ងៃនេះ បាន​ថ្លែង​អរគុណ​ចំពោះ​រដ្ឋាភិបាល​អាមេរិក ដែល​បាន​រួមចំណែក​ផ្តល់​ការគាំទ្រ ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ។​

​ក្នុង​ជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​អង្គការ HALO Trust របស់​សហរដ្ឋអាមេរិក លោក Christ Whatley នៅ​ថ្ងៃ​ទី​២៥ កក្កដា លោក លី ធុជ បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ទៅ​កាន់​អង្គការ HALO Trust កម្ពុជា សម្រាប់​ការងារ​បោសសម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ និង​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម ។​

​លោក​បន្តថា ជា​លទ្ធផល​នៃ​ជំនួយ​នោះ កម្ពុជា​បានសម្រេច​បោសសម្អាត​ផ្ទៃដី​ជិត​២​ពាន់​គីឡូម៉ែត្រ​ការ៉េ​, រកឃើញ​មីន​ប្រឆាំង​មនុស្ស​ចំនួន ១.០៦៣.៩១៨ គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៤.៨៣៥ គ្រាប់​, សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ចំនួន ២.៧៧១.៣៤២​គ្រាប់​, ផ្តល់​ដី​មាន​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤៥១.២២៤​នាក់ និង​បាន​ផ្តល់​ការអប់រំ កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ទៅកាន់​ពលរដ្ឋ​ប្រមាណ​ជាង​៣​ពាន់​នាក់ ។​

​ជាមួយគ្នានេះ អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​រូបនេះ ក៏​បាន​ស្នើ​ឱ្យ​លោក Christ Whatley បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​កៀរគរ​ធនធាន​បន្ថែម សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេចបាន​នូវ​គោលដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ៕

ព័ត៌មានផ្សេងទៀត