កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​​ចូល​សមុទ្រ​​នៅ​ព្រឹក​ថ្ងៃទី​២៥​​កក្កដា​នេះ​

25-07-2019 9:02 am 858

​តាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃទី​២៥​កក្កដា​នេះ​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់ ចេញពី​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​។ នេះ​ជាការ​ធ្វើតេស្ដ​មី​ស៊ី​ល​លើកដំបូង​ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ជួបគ្នា​នៅ​តំបន់​ព្រំដែន ហើយ​ព្រមព្រៀង​ពិនិត្យឡើងវិញ​ពី​កិច្ចចរចា​រំលាយ​នុយក្លេអ៊ែរ​ដែល​កំពុង​ជាប់គាំង​។ 

មី​ស៊ី​ល​ហោះ​ចេញ​បាន​ចម្ងាយ​ប្រហែល​៤៣០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​៥០​គីឡូម៉ែត្រ មុនពេល​ធ្លាក់​ចូលក្នុង​សមុទ្រ​ខាងកើត​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​យោធា​កូរ៉េខាងត្បូង​ម្នាក់ ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​និយាយថា មី​ស៊ី​ល​នោះ​មិនបាន​ហោះ​ចូលដល់​ដែនទឹក​ជប៉ុន​ទេ​។

​​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​លើក​នេះ​អាច​បង្ក​មន្ទិល​ជាថ្មី ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ចាប់ផ្ដើម​ការចរចា​នុយក្លេអ៊ែរ​ឡើងវិញ បន្ទាប់ពី​លោក​ត្រាំ​និង​លោក​គីម​ជួបគ្នា​កាលពី​ចុងខែ​មិថុនា​នៅ​តំបន់​ព្រំដែន​កូរ៉េ​។ អាមេរិក​និង​កូរ៉េខាងជើង​បាន​ប្ដេជ្ញា​នឹង​ចាប់ផ្ដើម​កិច្ចចរចា​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ប៉ុន្ដែ​ទីក្រុង​ព្យុងយ៉ាង​បាន​រិះគន់​យ៉ាងខ្លាំង​លើ​សមយុទ្ធ​យោធា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ខែក្រោយ​។ 

​ក្រសួងការបរទេស​កូរ៉េខាងជើង​បានបញ្ជាក់​កាលពី​ដើមខែ​នេះ​ថា ការសម្រេចចិត្ដ​ជាឯក​តោ​ភាគី​របស់​អាមេរិក ដែល​ប្ដេជ្ញា​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង នឹង​ធ្វើឲ្យ​ទីក្រុង​ព្យុងយ៉ាង​ពិចារណា​លើ​ការបន្ដ​ធ្វើតេស្ដ​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ឡើងវិញ​។ ចំណែក​មន្ដ្រី​អាមេរិក​បាន​និយាយថា កូរ៉េខាងជើង​ពិតជា​អន់ចិត្ដ​ខ្លាំងណាស់ ដែល​អាមេរិក​និង​កូរ៉េខាងត្បូង​គ្រោង​ចាប់ផ្ដើម​សមយុទ្ធ​ជាមួយគ្នា​។ តែ​តាមពិតទៅ​វា​មិនមែនជា​រឿង​គួរឲ្យភ្ញាក់ផ្អើ​លអី​ទេ វា​ជា​រឿង​គ្រោង​នឹង​កើតឡើង​ទៅហើយ​។​

​សូម​រម្លឹកថា ការបាញ់​សាកល្បង​មី​ស៊ី​ល​លើកចុងក្រោយ​របស់​កូរ៉េខាងជើង ធ្វើឡើង​ក្នុង​ខែឧសភា​ឆ្នាំ​២០១៩ ដែល​កាលនោះ​គឺជា​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដូចគ្នា​នឹង​លើក​នេះដែរ​។ ភាពចម្រូងចម្រាស់​ក៏​កើតឡើង​ម្ដង​រួចមកហើយ ដោយ​បារម្ភ​ថា​កូរ៉េខាងជើង​អាច​នឹង​បោះបង់ចោល​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ហើយ​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ប៉ុន្ដែ​ស្ថានការណ៍​ក៏​ស្ងប់ស្ងាត់​ទៅវិញ ទើបតែ​កាលពី​ព្រឹក​ថ្ងៃទី​២៥​កក្កដា​នេះ ដែល​កូរ៉េខាងជើង​បង្កឲ្យមាន​ការភ្ញាក់ផ្អើ​លម្ដង​ទៀតតាម​រយៈកា​រ​ធ្វើ​តេស្ដ​មី​ស៊ី​ល​៕

ព័ត៌មានផ្សេងទៀត