រុស្ស៊ី​ថា​យន្តហោះ​ខ្លួន​ដែល​ហោះ​បំពាន​ចូល​ដែនអាកាស​កូរ៉េខាងត្បូង ​ជា​កំហុស​អ​ចេតនា​

24-07-2019 4:35 pm 521

​រុស្ស៊ី​បាន​ប្រាប់​ឲ្យដឹងថា យន្តហោះ​យោធា​របស់ខ្លួន​មួយគ្រឿង ដែល​ហោះ​រំលោភ​ចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង គឺជា​រឿង​កើតឡើង​ដោយ​អ​ចេតនា ពោល​រុស្ស៊ី​ពុំមាន​បំណង​ធ្វើបែបនេះ​ទេ​។ រុស្ស៊ី​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កូរ៉េខាងត្បូង​ផងដែរ​។ រុស្ស៊ី​បញ្ជាក់ថា​វា​ជា​កំហុស​ដែល​កើតឡើង​ដោយ​អ​ចេតនា​ទេ ហើយ​រុស្ស៊ី​នឹង​បើក​ការស៊ើបអង្កេត​បន្ថែម​។ 

​កាលពី​ថ្ងៃ​អង្គារ យន្តហោះ​ចម្បាំង​រុស្ស៊ី​និង​ចិន បាន​ចូលរួម​ក្នុង​បេសកកម្ម​ល្បាត​រួមគ្នា នៅ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាងកើត​។ ជា​បេសកកម្ម​ល្បាត​លើ​លំហ​អាកាស​លើកដំបូង មិន​ធ្លាប់មាន​ពីមុន​ទេ​រវាង​ប្រទេស​ទាំងពីរ​។ បើតាម​កូរ៉េខាងត្បូង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នោះ មាន​យន្តហោះ​រុស្ស៊ី​និង​ចិន​៣​គ្រឿង ហោះ​បំពាន​លើ​ដែល​អាកាស​របស់ខ្លួន​។ ប៉ុន្តែ​ចិន​បាន​បដិសេធ ថា​បានធ្វើ​សកម្មភាព​ឈ្លានពាន​នោះទេ​។ បើតាម​កូរ៉េខាងត្បូង​ថា យន្តហោះ​ម៉ាក​A-50​របស់​រុស្ស៊ី បាន​ហោះ​រំលោភ​ចូលដល់​ទៅ​២​ដង​។ ភ្លាមៗ​កូរ៉េខាងត្បូង​ក៏បាន​ព្រមាន និង​បញ្ជូន​យន្តហោះ F-15 និង F-16 ទៅ​កន្លែងកើតហេតុ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​ដែនអាកាស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត