ចិន​បន្តព្រមាន​ពី​សង្គ្រាម ​បើ​មានការ​បំបែក​តៃវ៉ាន់​ចេញពី​ចិន​

24-07-2019 3:35 pm 1287
លោកស៊ី ជីងពីនប្រធានាធិបតីចិន

«​ប្រសិនបើ​មាន​នរណាម្នាក់ ព្យាយាម​ចូលមក​បំបែក​តៃវ៉ាន់​ចេញពី​ចិន យោធា​ចិន​នឹង​ត្រៀមខ្លួន ធ្វើសង្គ្រាម ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ចិន​»។ នេះ​ជា​ការបញ្ជាក់​ជាថ្មីទៀត​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ចិន​លោក​Wu Qian​។ លោក​បញ្ជាក់ថា ការព្យាយាម​ស្វែងរក​ឯករាជ្យភាព​សម្រាប់​កោះ​តៃវ៉ាន់ អនាគត​មានតែ​ក្តីវិនាស​ប៉ុណ្ណោះ​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ចិន​ប្រកាស​បែបនេះ កន្លងមក​ចិន​ក៏​ធ្លាប់​ប្រកាស​ប្រើប្រាស់​កម្លាំងយោធា រារាំង​ការប៉ុនប៉ង​ពង្រាត់​តៃវ៉ាន់​ចេញពី​ចិន​ដែរ​។ ចិន​មិន​ធ្លាប់​បោះបង់ចោល​វិធានការ​យោធា ដើម្បី​រក្សា​កោះ​តៃវ៉ាន់ ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ម្តងណា​ឡើយ​។​

​ជា​ការកត់សំគាល់ មួយរយៈ​ចុងក្រោយ​នេះ ចិន​បាន​ចេញមក​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម កាន់តែ​ញឹកញាប់ ចាប់តាំងពី​អាមេរិក​យល់ព្រម​លក់​គ្រឿង​សព្វាវុធ​ឲ្យ​តៃវ៉ា​ន់មក​។ សហរដ្ឋអាមេរិក គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ទៅឲ្យ​កោះ​តៃវ៉ាន់​។ ថ្មីៗ​នេះ ក្រសួងការបរទេស​អា​មេរិក ទើប​បានអនុម័ត​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ ដែល​នៅ​ក្នុងនោះ​មានដូចជា រថក្រោះ​ប្រភេទ Abrams​ចំនួន​១០៨​គ្រឿង និង​កាំភ្លើង​ធំ​បាញ់​មី​ស៊ី​ល​ចំនួន​២៥០​គ្រឿង ព្រមទាំង​បរិក្ខារ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។ កិច្ចព្រមព្រៀង​ទិញ​-​លក់​ចុងក្រោយ​នេះ មាន​ទំហំ​ទឹកប្រាក់​ចំនួន ២,២ ពាន់​លាន​ដុល្លារ​។ 

​អាមេរិក​និង​តៃវ៉ាន់ គ្មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយគ្នា​ទេ ប៉ុន្តែ​ត្រូវបាន​ចងភ្ជាប់​ដោយ​ច្បាប់ ដើម្បី​ផ្តល់ឲ្យ​តៃ​វ៉ាន់នូវ​មធ្យោបាយ​ការ​ពារ​ខ្លួន​។ ប៉ុន្តែ​ចិន​ចាត់ទុក​ទង្វើ​របស់​អាមេរិក រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​ធ្វើឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ​របស់​ចិន​។ ចង់​មិន​ចង់ បើទោះបី​អា​មេរិ​អះអាងថា ការធ្វើ​បែបនេះ មិនបាន​រំលោភ​លើ​គោលការណ៍​ចិន​តែមួយក្តី តែ​សម្រាប់​ក្រសែភ្នែក​របស់​ចិន ការផ្គត់ផ្គង់​អាវុធ​ដ៏​សម្បើម​របៀបនេះ ហាក់ដូចជា​ការត្រៀមខ្លួន​ឆ្ពោះទៅរក​ការរំដោះ​តៃវ៉ាន់​ចេញ​ចិន​៕

 ពាក្យគន្លឹះ  ចិនតៃវ៉ាន់

ព័ត៌មានផ្សេងទៀត