ទីបំផុត​ ក្រសួងការពារជាតិ​ចិន​​ចេញមុខ ​បដិសេធ​​ពី​កិច្ចព្រមព្រៀង​​សម្ងាត់​​ជាមួយ​​កម្ពុជា​ហើយ​​

24-07-2019 2:44 pm 772

​បន្ទាប់​កក្រើក​ខ្លាំង​ទាក់ទង​នឹង​ការចេញផ្សាយ​របស់​កាសែត The Wall Street Journal កាលពី​ថ្ងៃទី​២១ កក្កដា ពី​កិច្ចព្រមព្រៀងសម្ងាត់ ដើម្បី​អនុញ្ញាតឲ្យ​កងទ័ពរ​បស់​ចិន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​មក នៅ​ថ្ងៃទី​២៤ កក្កដា នេះ ក្រសួង​ការពារជាតិ របស់​មហាអំណាច​ចិន បានចេញ​មុខមក​ប្រកាស​អះអាងថា ចិន​មិន​បានធ្វើ​កិច្ចព្រមព្រៀង​ណាមួយ ជាមួយ​កម្ពុជា ដើម្បី​អនុញ្ញាតឲ្យ​យោធា​ចិន​ឈរជើង​នៅ​មូលដ្ឋា​ន​សមុទ្រ​កម្ពុជា​នោះឡើយ​។ 

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ចិន​កំពុង​កសាង​មូលដ្ឋាន​ទ័ពជើងទឹក​ក្នុងប្រទេស​កម្ពុជា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បាន​អះអាងថា វា​គឺជា​ពាក្យ ចចាមអារ៉ាម និង​ជា​របាយការណ៍​មិន​ពិត​។ លោក Wu Qian និយាយថា ប្រទេស​ចិន និង​កម្ពុជា មាន​ត្រឹម​កិច្ចសហប្រតិបត្តិកា​រលើ​ការហ្វឹកហ្វឺន​ជំនាញ​ជាមួយគ្នា ព្រមទាំង​ការ​ផ្តល់ជំនួយ ដល់​គ្នា​ទៅវិញទៅមក ហើយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ គឺ​គ្មាន​ការកំណត់​គោលដៅ​ទៅលើ​ប្រទេស​ទី​បី​ណាមួយ​ឡើយ​។​

​បញ្ហា​ដ៏​រសើប​នេះ ក៏​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បាន​អះអាងថា ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីអំពី​កម្ពុជា​ចុះហត្ថលេខា​ជាសម្ងាត់ ជាមួយ​ចិន ប្រើប្រាស់​មូលដ្ឋាន​យោធា គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ លោក​ហ៊ុន សែន​ចោទ​ជា​សំណួ​រថា​«​តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី​? 

​សូមបញ្ជាក់ថា ការឆ្លើយតប​របស់​ក្រសួងការពារជាតិ​ចិន​ពេលនេះ ជា​ការបន្ថែម​ទៅលើ​ការបំភ្លឺ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ហ្គេង ស័ង (Geng Shuang) កាលពី​ថ្ងៃទី​២២ កក្កដា ដែល​គ្រាន់តែ​អះអាងថា ចិន និង​កម្ពុជា​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នៅ​ទូទាំងប្រទេស ហើយ​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​បើកចំហ ប្រកបដោយ​តម្លាភាព និង​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​មជ្ឈដ្ឋាន​ខ្លះ​ថា នេះ​គ្រាន់តែ​ជា​ការឆ្លើយ​ពង្វាង​សំណួរ​អ្នកសារព័ត៌មាន​នោះ​។​

​យ៉ាងនេះ ក្តី ទាំង​រដ្ឋាភិបាល​កម្ពុជា និង​ចិន បានត្រឹមតែ​បដិសេធ​ព័ត៌មាន​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​គម្រោង​អនុញ្ញាតឱ្យ​អ្នកជំនាញ​ការបរទេស មន្ត្រី​ស្ថានទូត ឬ​អ្នកសារព័ត៌មាន បាន​ចុះ​ទៅដល់​ទីតាំង​ដែលមាន​ការសង្ស័យ​នោះឡើយ ស្របពេល​ទំនាក់ទំនង​លើ​វិស័យ​យោធា​រវាង​ចិន និង​កម្ពុជា កាន់តែ​ល្អូកល្អិន​ឡើងជា​លំដាប់​៕

ព័ត៌មានផ្សេងទៀត