​កម្ពុជា​ស្នើ​បេឡា​រុស​​ពិនិត្យ​លទ្ធភាព​វិនិយោគ​​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​​

24-07-2019 2:01 pm 249

​កម្ពុជា​ស្នើ​បេឡា​រុស ពិនិត្យ​លទ្ធភាព​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ​លើ​ការកែច្នៃ និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​បរទេស និង គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​គ្រឿងយន្ត ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ សម្រាប់​ប្រមូល​ផល និង​ក្រោយ​ប្រមូល​ផល ធ្វើយ៉ាងណា​បង្កើន​ភាពងាយស្រួល​ប្រសិទ្ធភាព​ខ្ពស់ និង​ភាព​ប្រកួតប្រជែង​ដល់​ប្រជាកសិករ​។

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាធារណរដ្ឋ​បេឡា​រុស ដែល​បាន​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម មក​ប្រជាកសិករ​កម្ពុជា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។ ការវាយតម្លៃ​នេះ​ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ អញ្ជើញ​មកពី​សាធារណរដ្ឋ​បេឡា​រុស ដឹកនាំ​ដោយ​លោក Gennady Svidersky អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​បេឡា​រុស ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​កសិកម្ម នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ​បាន​គូសបញ្ជាក់ថា ចំពោះ​ស្ថានភាព​ក្នុង​វិស័យ​កសិកម្ម​បច្ចុប្បន្ន កម្ពុជា​បាន​វិវឌ្ឍន៍​ពី​ការប្រើប្រាស់​កម្លាំង​អូសទាញ​ដោយ​គោ​ក្របី មក​ការប្រើប្រាស់​គ្រឿងយន្ត​បាន​ជាង ៩៧%​ទៅហើយ ដែល​នេះ​គឺជា​យន្តការ​អាទិភាព ក្នុង​ការលើកកម្ពស់​ទំនើបកម្ម​កសិកម្ម និង​យន្តុ​ពាណិជ្ជកម្ម​កសិកម្ម នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួង​។ លោក​បន្ដថា ការ​វិវឌ្ឍន៍​រីកចម្រើន​នៃ​ការប្រើប្រាស់​គ្រឿងយន្ត ក្នុង​វិស័យ​កសិកម្ម​នេះ បាន​បង្កើន​ការប្រកួតប្រជែង​ជាខ្លាំង រវាង​ក្រុមហ៊ុន​ដែល​ផលិត​គ្រឿងយន្ត ហើយ​ទាមទារ​ឲ្យមាន​ការដាក់ចេញ​នូវ​បច្ចេកវិទ្យា​ថ្មី ទំនើប​ជា​បន្តបន្ទាប់​។​

​លោក វេង សាខុន បានបញ្ជាក់​ដល់​ភាគី​បេឡា​រុស​ថា គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​គ្រឿងយន្ត​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ សម្រាប់​ប្រមូល​ផល និង​ក្រោយ​ប្រមូល​ផល ធ្វើយ៉ាងណា​បង្កើន​ភាពងាយស្រួល​ប្រសិទ្ធភាព​ខ្ពស់ និង​ភាព​ប្រកួតប្រជែង​ដល់​ប្រជាកសិករ ហើយ​លោក​ជឿជាក់ថា​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំងពីរ មិន​ផ្តោតទៅលើ​តែ​ការផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​មក​កម្ពុជា​នោះទេ ដោយ​លោក​ស្នើឲ្យ​ភាគី​បេឡា​រុស ពិនិត្យ​លទ្ធភាព​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ​លើ​ការកែច្នៃ និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​បរទេស​។​

​ជា​ការឆ្លើយតប​លោក Svidersky បាន​ឯកភាព និង​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក វេង សាខុន ហើយ​បាន​អញ្ជើញ​លោក វេង សាខុន ដឹង​នាំ​គណៈប្រតិភូ​ដែលមាន​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន​ទៅ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​និង​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការគ្រប់គ្រង អភិវឌ្ឍ​ខ្សែសង្វាក់​ផលិតកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម នៅ​សាធារណរដ្ឋ​បេឡា​រុស នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត