លោក​Boris Johnsonអតីត​រដ្ឋមន្ត្រីការបរទេស ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​

24-07-2019 11:47 am 1083
  ស្តាប់
លោកBoris Johnson
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​ទៅ​លោក Boris Johnson បាន​ជាប់ឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អង់គ្លេស​ហើយ បន្ទាប់ពី​គណបក្ស​អភិរក្ស​និយម រៀបចំ​ការបោះឆ្នោត​ជ្រើសរើស នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​។ លោក Boris Johnson ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិក​បក្ស ច្រើនជាង​លោក Jeremy Hunt ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ លោក Boris Johnson ត្រូវ​ចូលមក​ជំនួស​លោកស្រី Theresa May ដែល​បានប្រកាស​លាលែង​ពី​តំណែង កាលពី​ខែឧសភា​ឆ្នាំ​២០១៩​។ នៅ​ថ្ងៃទី​២៤​ខែកក្កដា​នេះ លោកស្រី May ត្រូវ​ចូលរួម​ក្នុង​ពិធី​លាលែង​ពី​តំណែង​ជា​ផ្លូវការ ខណៈ​លោក Boris Johnson ត្រូវ​ចូលមក​ទទួល​តំណែង​នេះ​បន្ត​ពី​លោកស្រី​នៅ​ថ្ងៃ​ដដែល​។​

​បន្ទាប់ពី​ចូល​កាន់តំណែង បញ្ហា​ដែល​លោក Boris Johnson ត្រូវ​ទទួលបន្ទុក​ដោះស្រាយ​មុនគេ គឺ​ការនាំ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​។ បញ្ហា​នេះ លោកស្រី May បាន​បរាជ័យ​នៅក្នុង​ការអូសទាញ សមាជិកសភា​ឲ្យ​គាំទ្រ កិច្ចព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ចំនួន​៣​ដង មុន​លោកស្រី​ប្រកាស​ចុះ​ចេញពី​តំណែង​។ បើតាម​នាយករដ្ឋមន្ត្រី​ថ្មី​វ័យ​៥៥​ឆ្នាំ​រូបនេះ អះអាងថា​នឹង​ចរចា​រក​មធ្យ​បាយ នាំ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ឲ្យបាន នៅ​ខែតុលា​ខាងមុខនេះ​។ ប៉ុន្តែ​ធាតុពិត​ជាក់ស្តែង គេ​មិនដឹងថា​លោក Johnson អាច​សម្រេចបាន​កិច្ចការងារ​ដ៏​លំបាក​នេះ ក្នុងពេល​ដ៏​ខ្លី​បាន​ឬ​យ៉ាងណា ខណៈ​លោកស្រី May​ចាយ​ពេល​អស់​ដល់​ទៅ​១​ឆ្នាំ​កន្លះ នៅតែ​បរាជ័យ​។​

​គួរ​ជម្រាបជូន​ថា លោក Boris Johnson ត្រូវ​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី ១៤ នៃ​រជ្ជកាល​មហា​ក្សត្រីយានី Elizabeth​របស់​ចក្រភព​អង់គ្លេស​។ លោក Johnson កើត​នៅ​ឆ្នាំ​១៩៦៤ ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​។ លោក​Johnson ទទួលបាន​ការបណ្ដុះបណ្ដាល​នៅ Oxford ដែលជា​សាកលវិទ្យាល័យ​ដ៏​ល្បី​នៅ អង់គ្លេស​។ លោក​បានចាប់ផ្ដើម​អាជីព​ដំបូង​ជា អ្នកកាសែត ក្នុង​ឆ្នាំ​១៩៨៨​។ ក្រោយមក​លោក​បានក្លាយ​ជា​សមាជិកសភា នៃ​គណបក្ស​អភិរក្ស​និយម ក្នុង​ឆ្នាំ​២០០១ ហើយ​ឆ្នាំ​២០០៨ លោក​បាន​ជាប់ឆ្នោត ជា​អភិបាល​ទីក្រុង​ឡុង​ដ៍​។ បន្ទាប់មក​លោក​ត្រូវបាន​លោកស្រី Theresa May តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស នៅ​ឆ្នាំ​២០១៦​។ ប៉ុន្តែ​លោក​បាន​លាលែង​ពី​តំណែង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​នៅ​ឆ្នាំ​២០១៨ ដោយសារតែ​មិន​ពេញចិត្ត​ដំណោះស្រាយ ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​លោកស្រី Theresa May៕

ព័ត៌មានផ្សេងទៀត