មូលនិធិ​គន្ធបុប្ផា​កម្ពុជា ស្នើ​ឲ្យ​បញ្ឈប់​បន្ទាន់​រាល់​ការ​កៀរគរ​ប្រាក់​លក្ខណៈ​ឆ្លៀតឱកាស​

24-07-2019 11:18 am 1158

​ទន្ទឹម​នឹង​ការ​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​បាន​ខិតខំ​កៀរគរ​ថវិកា តាមរយៈ​រូបភាព​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​កៀរគរ​ថវិកា​ទាំងឡាយណា មាន​លក្ខណៈ​ជា​ការ​ឆ្លៀតឱកាស ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​តាមរយៈ​សេចក្តីជូនដំណឹង របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានឲ្យដឹងថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា សង្កេតឃើញ​មាន​សកម្មភាព​មួយចំនួន ដំណើរការ​ដោយ​មាន​លក្ខណៈ​មិន​សមរម្យ និង​មិន​ប្រក្រតី ដែល​អាច​ជា​ការ​ឆ្លៀតឱកាស និង​មិន​បម្រើ​ផលប្រយោជន៍​របស់​មន្ទី​រ​ពេទ្យ​ទាំងស្រុង​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​មិន​ប្រក្រតី​ទាំងនោះ បើ​ពុំ​ដូច្នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់​។​

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ទៀតថា ចាប់តាំងពី​ត្រូវបាន​បង្កើត និង​ដាក់ឲ្យ​ដំណើរការ​ផ្លូវ​ការ​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ កន្លងមក មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​ការបរិច្ចាគ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន​ឯកជន អង្គការ សមាគមន៍ និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។ ទន្ទឹមនឹងនេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា សង្កេតឃើញ​មាន​សកម្មភាព​កៀរគរ​មូលនិធិ​ក្រោម​រូបភាព​ផ្សេងៗ​ដូចជា ការប្រគុំ​តន្ត្រី ការលក់​ផលិតផល និង​ការដើរ​រៃ​អង្គាស​ប្រាក់​ជាដើម ក្នុង​គោលបំណង​ប្រមែប្រមូល​ធនធាន​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ផ្ទាល់ ឬ​តាមរយៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា គាំទ្រ និង​លើកទឹកចិត្ត​ពេញទំហឹង ចំពោះ​សកម្មភាព​កៀរគរ​ការបរិច្ចាគ​នានា ដែល​មាន​ឆន្ទៈ​បម្រើ​ដល់​ផលប្រយោជន៍​របស់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា​ពិតប្រាកដ​។​
​សប្បុរសជន​ទាំងអស់ អាច​សហការ​ដោយផ្ទាល់ នៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគារ​”​គ​” ជាន់​ផ្ទាល់​ដី ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៦១ ៧០១ ១១១ ឬ ០៩៦ ៧០១ ១១១៕

ព័ត៌មានផ្សេងទៀត