ក្រសួងបរិស្ថាន​​រៀបចំ​ប្រតិភូកម្ម​ ការគ្រប់គ្រង​​សំរាម ​ទៅ​រដ្ឋបាល​​ក្រុង ស្រុក​​

24-07-2019 10:11 am 210
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​តាម​ទីប្រជុំជន កាលពី​ថ្ងៃទី​២៣ កក្កដា លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានប្រកាស​ពិនិត្យ​លើ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ដល់​មុខងារ​គ្រប់គ្រង​សំរាម របស់​រដ្ឋបាល​ក្រុង ស្រុក​ទូទាំងប្រទេស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន​។ លោក​ថា ការរៀបចំ​ប្រតិភូកម្ម​ការគ្រប់គ្រង​សំរាម សំណល់​នៅ​ទីប្រជុំជន​ទៅ​រដ្ឋបាល​ក្រុង ស្រុក​ទាំងអស់​នៅ​ក្នុងប្រទេស នឹង​អាច​ដោះស្រាយបាន​នូវ​បញ្ហា​ប្រឈម ដោយ​ជោគជ័យ ជា​បន្តបន្ទាប់ តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​

​លោក​សាយ សំ​អាល់ លើកឡើងថា រយៈពេល​ដែល កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ជាង​៧% ជាប់​គ្នា​ជា​រៀងរាល់ឆ្នាំ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជំរុញឱ្យមាន​កំណើនប្រជាជន ការអភិវឌ្ឍ ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ រួមទាំង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ដែលនាំឱ្យ​កើតមាន​បញ្ហា​សំរាម​នៅក្នុង​ប្រទេស​កម្ពុជា​កើនឡើង​។ ខណៈ ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា លើ​ការគ្រប់គ្រង និង​ការញែក​សំរាម តាម​ប្រភេទ​ស្របតាម​គោលការណ៍​បច្ចេកទេស នៅមានកម្រិត​នៅឡើយ​។​

​បើតាម​លោក​សាយ សំ​អាល់ ក្រសួងបរិស្ថាន​នឹង​ពិនិត្យ​លទ្ធភាព​អនុម័ត​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន ផ្តល់ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលមាន​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំងអស់ ដើម្បី​បង្កើន​ភាពងាយស្រួល​អនុ​វត្ត​ន៍​ការងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​។ 

​សូមបញ្ជាក់ថា រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ​១១៣ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ចុះ​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១៥ សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅតាម​ទីប្រជុំជន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព សំដៅ​ធានាបាន​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថា ន​នៅតាម​ទីប្រជុំជន​៕

ព័ត៌មានផ្សេងទៀត