​ក្រសួង​កិច្ចការនារី​​ស្នើ​JICA​ជប៉ុន​​បន្ដ​ពង្រឹង​កិច្ចសហការ​​លើ​គម្រោងកា​រ​បញ្ជ្រាប​យេនឌ័រ​​

24-07-2019 9:36 am 168
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​កិច្ចការនារី បានស្នើ​ដល់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គម្រោង​ស្តីពី ការបញ្ជ្រាប​យេនឌ័រ សម្រាប់​បង្កើន​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​កម្ពុជា​។

​លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី បានស្នើ​ដល់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គម្រោង​ស្តីពី ការបញ្ជ្រាប​យេនឌ័រ សម្រាប់​បង្កើន​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​កម្ពុជា​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ​របស់​លោកស្រី ច័ន្ទ សូរីយ៍ ធ្វើឡើង​ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​របស់​បេសកកម្ម​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ស្នាក់ការ​កណ្តាល ជាមួយ​លោកស្រី អ៊ឹង កន្ថាផាវី នៅ​ទីស្ដីការក្រសួង​កិច្ចការនារី នា​រសៀល​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០១៩​។​

​លោកស្រី ច័ន្ទ សូរីយ៍ បាន​បញ្ជាក់ទៀតថា លោកស្រី​រដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី ក៏​បាន​ស្នើឲ្យ​ភាគី JICA ត្រូវ​ត្រួតពិនិត្យ​មើល​បន្ថែម ក្នុង​គោលបំណង​ដើម្បី​ធ្វើ​អ្វី​បន្ថែមទៀត និង​ត្រូវតែ​បន្ដ​កិច្ចសហកា​រលើ​ការងារ​នេះ ឲ្យ​កាន់តែ​ខ្លាំងខ្លា​បន្ថែមទៀត​។ លោកស្រី​បន្តថា បច្ចុប្បន្ន​គម្រោង​នេះ​មាន​នៅក្នុង​ខេត្ត​ចំនួន​៥ រួមមាន​៖ ខេត្ត​កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង​និង​ខេត្តសៀមរាប​។ ក្នុងនោះ​ធ្វើ​ការងារ ដើម្បី​បង្កើន​ភាព អង់អាច លើ​វិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប និង​វិស័យ​កសិកម្ម នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ លោកស្រី​បន្តថា នេះ​ជា​ការងារ​ចំបង របស់​គម្រោង​បញ្ជ្រាប​យេនឌ័រ នៅក្នុង​ការងារ​ផ្នែក​សេដ្ឋកិច្ច ដើម្បី​បង្កើន​ភាព​អង់អាច​ដល់​ស្ដ្រី ក្នុង​ការរក​ប្រាក់ចំណូល​បន្ថែម​នៅក្នុង​គ្រួសារ ដើម្បីឲ្យ​ថវិកា​ក្នុងគ្រួសារ​បាន​រីកចម្រើន និង​អាច​កាត់បន្ថយ​គម្រាត​យេនឌ័រ នៅក្នុង​ខេត្ត​ទាំងនោះ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៣ គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​ចំនួន​ពីរ ដើម្បី​ពង្រឹង​យន្តការ​បញ្ជ្រាប​យេនឌ័រ នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ត្រូវបាន​អនុវត្ត​អស់​រយៈពេល​១០​ឆ្នាំ ហើយ​គម្រោង បច្ចុប្បន្ន​ដែល​កំពុងដំណើរការ គឺ​គម្រោង​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ដែល​បាន​អនុវត្ត​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ពង្រឹង​យន្តការ​បញ្ជ្រាប​យេនឌ័រ ដើម្បី​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ដ្រី (WEE) នៅ​ថ្នាក់ក្រោម​ជាតិ ជាមួយ​ក្រសួង និង​មន្ទីរ​ដៃគូ តាមរយៈ​ការស្វែងរក​ការគាំទ្រ​មតិ និង​សម្របសម្រួល ដោយ​ក្រសួង​កិច្ចការនារី និង​មន្ទីរ​កិច្ចការនារី​៕

 ពាក្យគន្លឹះ  ក្រសួងកិច្ចការនារីJICA

ព័ត៌មានផ្សេងទៀត