កម្ពុជា​ខកចិត្ត​នឹង​អាមេរិក​ទាក់ទង​នឹង​របាយការណ៍​វាយតម្លៃ​បញ្ហា​ការជួញដូរ​មនុស្ស​

23-07-2019 9:31 pm 308
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា បាន​សម្តែង​ការសោកស្តាយ​ចំពោះ​របាយការណ៍​វាយតម្លៃ និង​ចាត់​ចំណាត់​ថ្នាក់​លើ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​របស់​អាមេរិក ខណៈ​កម្ពុជា​បាន​ប្រឹងប្រែង​ធ្វើការ​យ៉ាង​សកម្ម នៅក្នុង​ឆ្នាំនេះ...

​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​សម្តែង​ការ​អាក់អន់ចិត្ត ចំពោះ​របាយការណ៍​វាយ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ដាក់​ឱ្យ​កម្ពុជា ស្ថិត​នៅ​លេខ​២​ដដែល ខណៈ​កម្ពុជា បាន​ខិតខំ​យ៉ាងសកម្ម​ក្នុង​ការបង្ការ និង​ទប់ស្កាត់​នូវ​អំពើ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំនេះ ។​

​លោកស្រី ជូ ប៊ុន​អេង ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​២៣ កក្កដា ថា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​បាន​ច្រើន ប៉ុន្តែ បែរ​ជា​សហរដ្ឋអាមេរិក​មក​វាយ​តម្លៃ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​លេខ​២​ដដែល ដោយ​លោកស្រី​អះអាងថា អាច​មក​ពី​ទិដ្ឋភាព​នយោបាយ ។​

​ប្រទេស​កម្ពុជា ត្រូវបាន​សហរដ្ឋអាមេរិក ចេញ​របាយការណ៍​វាយតម្លៃ​ឱ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​២ អស់​រយៈពេល​បី​ឆ្នាំ​មកហើយ ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស ដោយ​សហរដ្ឋអាមេរិក​លើកឡើងថា មក​ពី​កម្ពុជា​មាន​ភាព​ចន្លោះប្រហោង​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ជាដើម ។​

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​សកម្ម​ថែម​ទៀត ក្នុង​ការស៊ើបអង្កេត ការពារ ទប់ស្កាត់​ការជួញដូរ​មនុស្ស​ឱ្យបាន​ល្អ​ប្រសើរ ខណៈ​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ អាជ្ញាធរ​បាន​បង្ក្រាប​ការជួញដូរ​មនុស្ស​និង​ផ្លូវភេទ កើន​ឡើង​ជាង​ឆ្នាំ​កន្លងទៅ រហូតដល់​ទៅ​ជិត​២០​ភាគរយ ។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​បាន​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ សរុប​បាន​ចំនួន​៧៨​ករណី កើនឡើង​១៦​ករណី ស្មើនឹង​២៥% ។​

​របាយការណ៍​បន្តថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដោយ​បញ្ជូន​ទៅ​សាលាដំបូង ចំនួន​៩៧​នាក់ កើន​១២​នាក់ ស្មើនឹង​១៤% ក្នុងនោះ ស្រី​២២​នាក់​, អនីតិជន​៩​នាក់​, ជនបរទេស​១៤​នាក់ សញ្ជាតិ​ចិន​១២​នាក់ និង​អាមេរិក​២​នាក់ ។​

​របាយការណ៍​ដដែល​ឱ្យដឹងថា អាជ្ញាធរ​បាន​សង្គ្រោះ​ជនរងគ្រោះ ចំនួន ២៦៣​នាក់ កើន​១៥៧​នាក់ ស្មើនឹង​១៤៨% ក្នុងនោះ មាន​អាយុ​ក្រោម​១៥​ឆ្នាំ ៧០​នាក់​, អាយុ​១៥-១៧​ឆ្នាំ ៣១​នាក់ និង​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ចំនួន​១៦២​នាក់ ៕

ព័ត៌មានផ្សេងទៀត