លោក​ស៊ុន​ចាន់ថុល​៖ កម្ពុជា​គ្រោង​ខ្ចី​លុយ​ចិន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​

23-07-2019 8:11 pm 286
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅថ្ងៃនេះ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា កម្ពុជា​គ្រោង​ខ្ចី​លុយ​ចិន​ដើម្បី​សាងសង់​ស្ពាន​ឆ្លងទន្លេ នៅ​ខេត្ត​ក្រចេះ ដែល​សំណើ​នោះ នឹង​ធ្វើ​នៅ​ឆ្នាំ​២០២០ ហើយ​ការសាងសង់ អាច​នឹង​ធ្វើ​នៅ​ឆ្នាំ​២០២១...

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​ស្នើ​ប្រាក់​កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន នៅពេល​ខាងមុខ ដើម្បី​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយទៀត នៅ​ខេត្ត​ក្រចេះ ដែល​មាន​ប្រវែង​សរុប ១.៧៦១ ម៉ែត្រ ។​

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​២៣ កក្កដា លោក ស៊ុន ចាន់ថុល បញ្ជាក់ថា បន្ទាប់​ពី​ការចុះ​ត្រួតពិនិត្យ លោក​នឹង​រៀបចំ​គម្រោង​សំណើ​នៅ​ឆ្នាំ​២០២០ ហើយ​ការសាងសង់ អាច​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០២១ ។​

​លោក​រដ្ឋមន្ត្រី​អះអាងថា ស្ពាន​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ទៅដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្ទឹងត្រែង ទៅកាន់​ខេត្ត​កំពង់ធំ ដែល​ស្ពាន​នេះ នឹង​ផ្តល់​នូវ​ផលចំណេញ​ទាំង​ពេលវេលា និង​ថវិកា ច្រើន​ជាង​មុន ។​

​យ៉ាងណាមិញ ទាក់ទង​នឹង​ការស្នើ​ហិរញ្ញប្បទាន​ពី​ចិន​នេះ លោក​បាន​ស្នើ​សាធារណជន​កុំ​រិះគន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​អះអាងថា កម្ចី​នេះ គឺ​ដើម្បី​ចំណេញ​ជាតិ ចំណេញ​ប្រជាពលរដ្ឋ ហើយ​ខ្ចី​មក​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ។​

​លោក​ក៏​បាន​ច្រានចោល​នូវ​ការរិះគន់​ថា បំណុល​ចិន​ជា​អន្ទាក់ ដោយ​បាន​ពន្យល់ថា ចិន​មិនបាន​ហៅ​កម្ពុជា​ឱ្យ​ខ្ចីលុយ​នោះទេ តែ​កម្ពុជា​ជា​អ្នកស្នើសុំ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ៕

ព័ត៌មានផ្សេងទៀត