ចិន​ប្រាប់​អាមេរិក​ កុំឲ្យ​បកស្រាយ​​បំផ្លើស​​ការពិត​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​​ចិន​-​កម្ពុជា​​

23-07-2019 4:35 pm 1296
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួង​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​សហរដ្ឋអាមេរិក​ថា កុំឱ្យ​បកស្រាយ​លើសពី​ការពិត ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ចិន​-​កម្ពុជា​។​ថ្លែង​បែបនេះ ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​កាសែត ដែល​បង្ហោះ​លើ​គេហទំព័រ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២៣ កក្កដា នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ចិន និង​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​នៅ​ទូទាំងប្រទេស ហើយ​កិច្ចសហប្រតិបត្តិការ​នេះ គឺធ្វើឡើង​ដោយ​បើកចំហ តម្លាភាព ស្មើភាព និង​ផ្ដល់ ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។ លោក Geng Shuang បន្តថា រឿង​បែបនេះ​នឹងមិន​ត្រូវបាន​បកស្រាយ​បំផ្លើស​លើសពី​ការពិត​នោះទេ​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ សារព័ត៌មាន The Wall Street Journal របស់​អាមេរិក ចុះផ្សាយ​ថា «​ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ ដើម្បី​អនុញ្ញាតឲ្យ​កងទ័ពរ​បស់​ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹកលើទឹកដី​កម្ពុជា​។ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់ឲ្យ ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​​នៅ​ឈូង​សមុទ្រ​ខ្មែរ  រយៈពេល ៣០​ឆ្នាំ​។​

​តែ​យ៉ាងណា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន បាន​ប្រតិកម្ម​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីអំពី​កម្ពុជា​ចុះហត្ថលេខា​ជាសម្ងាត់​ជាមួយ​ចិន ប្រើប្រាស់​មូលដ្ឋាន​យោធា គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។​

​យ៉ាងនេះ ក្តី​មន្ត្រីជាន់ខ្ពស់​កម្ពុជា អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា កម្ពុជា​មិនមាន​គម្រោង​ប្តឹង​កាសែត​អាមេរិក​ដែល​បាន​ចុះផ្សាយ​ថា​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បើកផ្លូវ​ឱ្យមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅឈូងសមុទ្រកម្ពុជាទេ ដោយ​ថា បញ្ហា​នេះ​កម្ពុជា​ធ្លាប់បាន​បំភ្លឺ​រួចហើយ​៕

 ពាក្យគន្លឹះ  មូលដ្ឋានទ័ពចិន

ព័ត៌មានផ្សេងទៀត