ក្រសួងការបរទេសឥណ្ឌាបានបដិសេធដោយលើកឡើងថា គ្មានការស្នើសុំបែបនេះនោះទេ ហើយន្ថែមទៀតថា រាល់បញ្ហាទាំងអស់ជាមួយប៉ាគីស្ថាន ត្រូវពិភាក្សាដោះស្រាយទ្វេភាគីប៉ុណ្ណោះ។ ការបញ្ជាក់របស់ក្រសួងការបរទេសឥណ្ឌា ធ្វើឡើងដើម្បីឆ្លើយតបនឹងលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។ លោកត្រាំបាននិយាបែបនេះ នៅពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីម រ៉ាន់ខាន់ បានស្នើលោកឲ្យជួយសម្របសម្រួលដោះស្រាយជម្លោះនៅតំបន់កាស្មៀ។ លោករ៉ាន់ខាន់ថា មានតែរដ្ឋដែលមានឥទ្ធិពលបំផុត គឺអាមេរិកដែលដឹកនាំដោយលោកត្រាំទេ ទើបអាចនាំប្រទេសទាំងពីរឲ្យរួបរួមគ្នាបាន។
លោកត្រាំបានឆ្លើយតបវិញថា នៅពេលដែលលោកបានជួបជាមួយលោកមូឌីកាលពី២សប្តាហ៍កន្លងទៅ លោកមូឌី ក៏បាននិយាយពីបញ្ហានេះដែរ។ លោកត្រាំថាលោកមូឌី ពិតជានិយាយថា "តើអ្នកចង់ធ្វើជាអ្នកសម្រុះសម្រួល ឬអាជ្ញាកណ្តាលនៅក្នុងជម្លោះនៅកាស្មៀទេ?" ។ ពេលនោះលោកត្រាំបានតបវិញថា ប្រសិនបើលោកអាចជួយបាន លោកចង់ធ្វើជាអ្នកសម្រុះសម្រួលម្នាក់។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានបដិសេធភ្លាមៗថា ពុំមានការស្នើបែបនេះទេ ហើយឥណ្ឌារក្សាជំហររឹងមាំដដែលថា បញ្ហានៅសេសសល់ជាមួយប្រទេសប៉ាគីស្ថាន ត្រូវពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ បន្ថែមលើនេះ អ្នកនយោបាយឥណ្ឌាម្នាក់ឈ្មោះShashi Tharoor បានរិះគន់លោកត្រាំ ថាមិនយល់ពីអ្វីដែលលោកមូឌីបាននិយាយ។
ឥណ្ឌានិងប៉ាគីស្ថានមិនសូវត្រូវរ៉ូវគ្នាទេ ដោយសារតែប្រទេសទាំងពីរនេះ ធ្លាប់មានប្រវត្តឈ្លោះគ្នារឿងដែនដីនៅតំបន់កាស្មៀយ៉ាងជូរចត់។ បច្ចុប្បន្នដ្បិតថាកាស្មៀត្រូវបានពុះចែកជាពីរ ម្ខាងឥណ្ឌាកាន់កាប់និងម្ខាងទៀតប៉ាគីស្ថានកាន់កាប់ ចាប់តាំងពីបញ្ចប់ការគ្រប់គ្រង ដោយអាណានិគមអង់គ្លេសនៅឆ្នាំ ១៩៤៧ក្តី ប៉ុន្តែភាគីទាំងពីរ នៅតែបន្តចោទប្រកាន់ ថាបានឈ្លានពានលើទឹកដីគ្នាទៅវិញទៅមក។ បញ្ហាដ៏រសើបមួយទៀត រឿងឥណ្ឌាចោទប៉ាគីស្ថាន ថាជាប្រទេសផ្តល់ជម្រកឲ្យក្រុមសកម្មប្រយុទ្ធ និងអនុញ្ញាតឲ្យពួកគេ ឆ្លងដែនចូលអុកឡុកនៅតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។ ការប្រឈមមុខដាក់គ្នាចុងក្រោយ រវាងឥណ្ឌានិងប៉ាគីស្ថាន បានកើតឡើងកាលពីខែកម្ភៈឆ្នាំ២០១៩នេះ។ កាលនោះឥណ្ឌាបានបើកការវាយប្រហារក្នុងដែនដីប៉ាគីស្ថាន ដោយផ្តោតលើគោលដៅក្រុមសកម្មប្រយុទ្ធ ដើម្បីសងសឹក។ សងសឹក ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា បានផ្តាច់ជីវិតទាហានឥណ្ឌាជាង៤០នាក់។
គួរជម្រាបជូនដែរថា បើគិតចាប់តាំងពីឆ្នាំ១៩៨៩មក កាស្មៀត្រូវបានរង្គោះរង្គើ ដោយអំពើហិង្សាជាទៀងទាត់ ដែលបានសម្លាប់មនុស្សជាង ៧ ម៉ឺននាក់ហើយ៕