​អាវុធហត្ថ​បំភ្លឺ​ករណី​ដុត​កម្ទេច​យានយន្ត​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​

23-07-2019 2:24 pm 455
  ស្តាប់
ស្តាប់ជាសំឡេង

​ការដុត​កម្ទេ​ចោល នូវ​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ រួម​មាន​រថយន្ត​កែច្នៃ និង​ម៉ូតូ​ជា​ដើម​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​រិះគន់​ថា គួរ​ណាស់​តែ​រក្សា​ទុក ដើម្បី​បម្រើ​ជា​ផលប្រយោជន៍​របស់​រដ្ឋ ឬ​អាច​ឲ្យ​កងកម្លាំង​ប្រើ​សម្រាប់​ចុះ​ល្បាត​ព្រៃឈើ ជា​រឿង​ដែល​ប្រសើរ​ជាង ការដុត​បំផ្លាញ​ចោល​បែបនេះ​។ យ៉ាងណាមិញ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បកស្រាយ​ភ្លឺ​ភ្លាមៗ​ជុំវិញ​ការរិះគន់​នេះ​ផង​ដែរ​? សូម​ស្តាប់​សៅ វិសាល​

​ឆ្លើយតប​នឹង​បទបញ្ជា​របស់ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កងកម្លាំង​ចម្រុះ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប រឹបអូស និង​ដុត​កម្ទេច​ចោល​ជាក់ស្តែង នូវ​វត្ថុតាង ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់​។​

​ទន្ទឹម​នឹង​ការ​សាទរ​ជុំវិញ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​មាន​មតិ​រិះគន់​មួយចំនួន ពាក់ព័ន្ធ​នឹង​ការដុត​បំផ្លាញ​ចោល​នូវ​វត្ថុតាង ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន របស់​ក្រុម​ឈ្មួញ​ទុច្ចរិត​។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បាន​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​ថា សម្រាប់​ការអនុវត្ត​ច្បាប់ ក្នុង​ការកម្ទេច​ចោល​នូវ​ទ្រព្យសម្បត្តិ​របស់​ជនល្មើស មិន​ខុស​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ មិនមែន​ការដុត​បំផ្លាញ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​នេះ ធ្វើឲ្យ​ជនល្មើស​រៀងចាល​នោះទេ តែ​ជា​ការបំផ្លាញ​មួយ​ជាន់​ទៀត ពីលើ​ការបំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ជនល្មើស​។​

​លោក​ពេជ្រ ស្រស់ បន្ថែមថា ប្រសិនបើ​រឹបអូស បាន​នូវ​សម្ភារៈ ឬ​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ របស់​ជនល្មើស គួរ​ណាស់​តែ​រក្សា​ទុក ដើម្បី​បម្រើ​ជា​ផលប្រយោជន៍​របស់​រដ្ឋ ឬ​អាច​ឲ្យ​កងកម្លាំង​ប្រើ​សម្រាប់​ចុះ​ល្បាត​ព្រៃឈើ ជា​រឿង​ដែល​ប្រសើរ​ជាង​។​

សំឡេង​

​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ថា គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដាក់ចេញ​នូវ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ តាំងពី​ដើម​ឆ្នាំ​២០១៦​។ រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ គណៈកម្មការ​ជាតិ​ក៏​បាន​អនុវត្ត​នូវ​យន្តការ​ជា​បន្តបន្ទាប់ ដូចជា​ការអប់រំ ការចុះកិច្ចសន្យា ការអនុវត្ត​ច្បាប់ និង​ការផ្សព្វផ្សាយ​ជាដើម​។ ប៉ុន្តែ​ជនល្មើស​មួយចំនួន នៅតែ​មិន​រៀងចាល ដោយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ​ដដែល ទើប​ឈាន​ដល់​ការដុត​កម្ទេ​នូវ​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ចោល​តែ​ម្តង​។​

សំឡេង​

​លោក​អេង ហ៊ី បន្តថា សម្រាប់​យានជំនិះ ដែល​កងកម្លាំង​រឹបអូស​បាន និង​ដុត​កម្ទេច​ចោល​នោះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​វ៉េវ ឬ​រថយន្ត​ប៉ា​កុង (​រថយន្ត​កែច្នៃ​ពី​ក្រៅ​ប្រទេស​) និង​ម៉ូតូ​ចាស់ៗ ដែល​មិន​អាច​យក​ទៅ​ប្រើប្រាស់​ដឹក​អ្វី​បានឡើយ​។​

សំឡេង

​អ្នកនាំពាក្យ​អាវុធហត្ថ​រូបនេះ បាន​បញ្ជាក់បន្ថែម​ថា ចាប់តាំងពី​ការអនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ រហូតមកដល់​ពេលនេះ គណៈកម្មការ​ជាតិ បាន​ដុត​បំផ្លាញ​នូវ​ប្រភេទ​យានយន្ត ដែល​គ្មាន​ប្រយោជន៍ ក្រៅ​តែ​ពី​យក​ទៅ​ប្រព្រឹត្ត​បទល្មើស ដូចជា​រថយន្ត​រ៉េវ ម៉ូតូ និង​ប្រភេទ​យានយន្ត កែច្នៃ​ជាច្រើន​ទៀត ប្រមាណ​៩៣​គ្រឿង​។ ដោយឡែក​សម្រាប់​យានយន្ត ដែល​អាច​ផ្តល់​ជា​ប្រយោជន៍ នោះ​គឺ​ត្រូវបាន​រក្សា​ទុក មាន​ប្រមាណ​ជា​៦០​គ្រឿង​។​

​សំឡេង​

​កន្លងមក គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ធ្លាប់បាន​លើកឡើង​ថា បើ​ទោះបី​មាន​ការផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ នៅតែ​មាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុស​ច្បាប់​តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព​។ ដូច្នេះ ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស យើង​នឹង​អនុវត្ត​វិធានការ រួមមាន បុគ្គល​ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរឹង ហើយ​មធ្យោបាយ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ដូចជា រថយន្ត គោយន្ត ម៉ូតូ​… ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​»​។​

​គួរបញ្ជាក់​ថា រាជរដ្ឋាភិបាល កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា ការកាប់​ព្រៃឈើ ការដឹកឈើ និង​ការនាំចេញ​ឈើ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​។ គណៈកម្មការ​នេះ ក៏​នឹង​ទទួលខុសត្រូវ​ផងដែរ​ក្នុង​ការអង្កេត និង​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត អ្នកពាក់ព័ន្ធ និង​សកម្មភាព​បទល្មើស​ធនធានធម្មជាតិ​ដោយ​ចាប់​ជនល្មើស និង​វត្ថុតាង ដើម្បី​រៀបចំ​ឯកសារ​កសាង​សំណុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី​៕

ព័ត៌មានផ្សេងទៀត