សង្គ្រាម​​អាច​ផ្ទុះឡើង​​ឬ​អត់​​ស្ថិតនៅលើ​​អ៊ីរ៉ង់​​ជា​អ្នក​ជ្រើស​រើស​

23-07-2019 2:18 pm 639
រូបភាពតំណាងអាមេរិក(ឆ្វេង)​និងអ៊ីរ៉ង់

​នៅ​មិនទាន់​បញ្ចប់​ទេ​ស្ថានការណ៍​តានតឹង​រវាង​អ៊ីរ៉ង់​ជាមួយ​អង់គ្លេស​ដែល​ទើប​ផ្ទុះ​ថ្មីៗ និង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​ជាមួយ​អាមេរិក​ដែលជា​ដំបៅ​មិនទាន់​សះ​មុខ​។ មិន​ត្រឹមតែ​គ្មាន​មធ្យោបាយ​ដោះស្រាយ ថែមទាំង​ឡើង​កម្ដៅ​កាន់តែខ្លាំង​ជាង​មុន​។ ប៉ុន្ដែ​កម្ដៅ​នេះ​អាច​រលត់ទៅវិញ​បាន ប្រសិនបើ​អ៊ីរ៉ង់​ព្រម​បន្ទន់ឥរិយាបថ​បោះដៃ​ឲ្យមាន​ការចរចា ព្រោះ​អាមេរិក​ក៏​មិន​ចង់​ពង្រីក​ជម្លោះ ហើយ​អង់គ្លេស​ក៏​ចង់​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី​រក្សា​សន្ដិភាព​ក្នុង​តំបន់​និង​សន្ដិភាព​ពិភពលោក​។ ជារួម​អ៊ីរ៉ង់​ជា​អ្នកសម្រេច​ថា ត្រូវ​ចរចា​ដោះស្រាយ​ជម្លោះ​ឬ​ចង់​ធ្វើសង្គ្រាម​។

សំឡេង៖ 

​ស្របពេល​កំពុង​ផ្ទុះ​ភាព​តានតឹង​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក ពេលនេះ​អ៊ីរ៉ង់​កំពុង​តឹងសរសៃក​ជាមួយ​អង់គ្លេស​បន្ថែមទៀត ជុំវិញ​ការឃាត់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​មួយគ្រឿង កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ តាមពិត​ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​អង់គ្លេស​កាលពីដើម​ខែកក្កដា បាន​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង​ដែរ សង្ស័យ​រំលោភ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប ដោយ​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​។ ក្រោយមក​អ៊ីរ៉ង់​បាន​ប៉ុនប៉ង​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​វិញ​ភ្លាមៗ ប៉ុន្ដែ​លើកទីមួយ​មិន​ទទួលជោគជ័យ ទើបតែ​ជោគជ័យ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​

​បើតាម​ការបកស្រាយ​ពី​អ៊ីរ៉ង់​ការឃាត់​នាវា​របស់​អង់គ្លេស ដោយសារតែ​ផ្គើន​មិន​គោរព​ច្បាប់​ដែនសមុទ្រ​អន្តរជាតិ ខណៈពេល​ឆ្លងកាត់​ច្រក​សមុទ្រ​Hormuz​។ អ៊ីរ៉ង់​បាន​ចោទ​នាវា​មិន​ព្រម​បិទ​ប្រព័ន្ធ​GPS និង​មិន​អើពើ​ការព្រមាន​របស់​អ៊ីរ៉ង់​ជាដើម​។ ទាំងនេះ​គឺជា​ទឡ្ហីករណ៍​បង្ហាញ​ពី​ភាពស្របច្បាប់ ដែល​អ៊ីរ៉ង់​អាច​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​បាន​។ បន្ទាប់ពី​ឃាត់ នាវា​ត្រូវបាន​នាំ​ទៅកាន់​កំពង់ផែ​Bandar Abbas​ដើម្បី​ស៊ើបអង្កេត​។ ចំណែក​មនុស្ស​នៅលើ​នាវា​ចំនួន​២៣​នាក់​មាន​សុវត្ថិភាព ពុំបាន​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​អ្វី​ឡើយ​។ 

​ហេតុផល​របស់​អ៊ីរ៉ង់​អង់គ្លេស​ទទួលយក​មិនបាន ព្រមទាំង​ប្រកាស​គោលជំហរ​ជាថ្មី​នឹង​ចាត់វិធានការ​តឹងរ៉ឹង​បំផុត​ប្រឆាំង​អ៊ីរ៉ង់ ប្រសិនបើ​មិន​ដោះលែង​នាវា​ដឹក​ប្រេង​អង់គ្លេស​។ នេះ​គឺជា​ការកើនឡើង​ការប្រឈមមុខ​ដាក់គ្នា នៅ​ផ្លូវទឹក​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់បំផុត​មួយ​របស់​ពិភពលោក​។ រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស​លោក​Jeremy Hunt​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បង្ហាញឲ្យឃើញពី​សញ្ញា​ព្រួយបារម្ភ ដែល​អ៊ីរ៉ង់​អាច​ជ្រើសរើស​ផ្លូវ​គ្រោះថ្នាក់ នៃ​ការធ្វើសកម្មភាព​ខុសច្បាប់​និង​បង្ក​អស្ថិរភាព​។ អង់គ្លេស​មិន​ព្រងើយកន្ដើយ​ដាច់ខាត អង់គ្លេស​នឹង​ឆ្លើយតប​ទៅវិញ​តាម​វិធានការ​ជាក់ស្ដែង​។ 

​បើតាម​ការប្រកាស​របស់លោក​Jeremy Hunt​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​ថ្នាក់​រដ្ឋមន្ដ្រី លោក​ថា​អង់គ្លេស​កំពុង​រៀបចំ​ផែនការ​បង្កើន​កងកម្លាំង​ដឹកនាំ​ដោយ​សហភាព​អឺរ៉ុប សម្រាប់​ការពារ​ការដឹកជញ្ជូន​ក្នុង​ឈូក​សមុទ្រ​។ បេសកកម្ម​នេះ​នឹង​បង្កើតឲ្យបាន​ឆាប់​បំផុត ដែល​វា​មិនមែនជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ឡើយ ព្រោះ​អង់គ្លេស​ក៏​នៅ​មានចិត្ដ​ក្នុង​ការរក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែរ​។ លោក​រដ្ឋមន្ដ្រី​បន្ថែមថា នាវាចម្បាំង​ទី​ពីរ​ដែល​អង់គ្លេស​បញ្ជូន​ទៅកាន់​តំបន់​នេះ នឹង​អាច​ទៅដល់​នៅ​ថ្ងៃទី​២៩​កក្កដា​។​

​ការបង្ហាញ​គោលជំហរ​ត្រឹមត្រូវ​រៀងៗ​ខ្លួន​របស់​ប្រទេស​ទាំងពីរ បាន​ឆ្លុះបញ្ចាំង​កាន់តែច្បាស់​ថា​ស្ថានការណ៍​អស្ថិរភាព​កំពុងតែ​ផ្ទុះឡើង​ខ្លាំង​ជាង​មុន​។ បច្ចុប្បន្ន​នៅ​ពុំទាន់​រកឃើញ​ដំណោះស្រាយ​នៅឡើយ ដែល​មានតែ​ការព្រមាន​ចាត់វិធានការ​ទៅវិញទៅមក​។ សួរថា​តើ​ស្ថានភាព​នេះ​ជា​ការព្រួយបារម្ភ​ទេ​? ចម្លើយ​គឺ​ច្បាស់​ណាស់​ពិតជា​គួរឲ្យ​បារម្ភ ព្រោះ​បើ​សង្គ្រាម​កើតឡើង​មិនមែន​ប៉ះពាល់​តែ​អ៊ីរ៉ង់ អង់គ្លេស ឬក៏​អាមេរិក​ឡើយ វា​នឹង​បង្ក​ផលប៉ះពាល់​ជា​អន្ដរជាតិ​។ 

​ដូច​ដឹង​ហើយ​ថា​ច្រក​សមុទ្រ​Hormuz​គឺជា​ផ្លូវទឹក​ដឹកជញ្ជូន​ប្រេង​សំខាន់បំផុត​ទៅកាន់​ពិភពលោក ហើយ​អ៊ីរ៉ង់​ក៏​កាន់កាប់​មួយផ្នែកធំ​នៃ​ច្រក​សមុទ្រ​នេះដែរ​។ អ៊ីចឹង​ទេ​បើ​ផ្ទុះ​សង្គ្រាម​ច្បាស់​ណាស់​អ៊ីរ៉ង់​នឹង​ព្យាយាម​បិទ​ផ្លូវទឹក​ដឹកជញ្ជូន​Hormuz​មិនឲ្យ​ចរាចរ​បានទេ​។ ឃើញ​ជាក់ស្ដែង​គ្រាន់តែ​មាន​ភាពចម្រូងចម្រាស់​តិចតួច អ៊ីរ៉ង់​អាច​ឃាត់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​បាន​ទៅហើយ​។ ដូច្នេះ​បើ​ភាព​តានតឹង​ក្លាយជា​សង្គ្រាម ច្បាស់​ណាស់​អ៊ីរ៉ង់​មិន​ព្រលែង​ឲ្យ​នា​វាដឹក​ប្រេង ចេញចូល​ច្រក​សមុទ្រ​Hormuz​បាន​តាមចិត្ដ​ទេ​។​

​រឿង​ដែល​ល្អ​បំផុត​ទាំង​អ៊ីរ៉ង់ អង់គ្លេស និង​អាមេរិក ត្រូវតែ​បើកផ្លូវ​ឲ្យមាន​ការចរចា​កើតឡើង ទើប​អាច​បន្ធូរបន្ថយ​ភ្លើងកំហឹង​បាន​។ ការចរចា​អាចទៅរួច​លុះត្រាតែ​មានកា​រ​បន្ទន់ឥរិយាបថ​ទៅវិញទៅមក ពិសេស​បំផុត​ពី​អ៊ីរ៉ង់​។ លទ្ធភាព​ពិតជា​អាចទៅរួច​ដោយសារ​អង់គ្លេស​ធ្លាប់​ប្រកាស​មិន​ចង់​ប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​ទេ រីឯ​អាមេរិក លោក​ដូណាល់ ត្រាំ​ក៏​ធ្លាប់​ប្រកាស​តាំងពីដើម​ទី​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ​។ ចំណែក​អ៊ីរ៉ង់​ខ្លួនឯង​ក៏​មិន​ខុសពី​ប្រទេស​ទាំងពីរ គឺ​សុទ្ធតែ​មិន​ចង់ឲ្យ​រឿងតូច​ក្លាយជា​រឿង​ធំ​។ ប្រសិនបើ​ដឹងថា​កម្លាំងយោធា​មិនអាច​ដោះស្រាយ​បញ្ហា​បាន មានតែ​ស្វែងរក​វិធីសាស្ដ្រ​ការទូត​ប៉ុណ្ណោះ​។​

​គិតពី​កម្លាំង​ទ័ព កម្លាំង​សព្វាវុធ អាមេរិក​ក៏មាន​នុយក្លេអ៊ែ​រ អ៊ីរ៉ង់​ក៏មាន​នុយក្លេអ៊ែ​រ ហើយ​អង់គ្លេស​វិញ​សព្វាវុធ​ក៏​មិន​អន់​។ បើ​ធ្លោយ​ជា​ផ្ទុះអាវុធ​គ្រោះ​ហម​ន្ដ​រាយ​មិនអា​ចចៀស​រួចដាច់​ខាត នេះ​គឺជា​អ្វីដែល​អន្ដរជាតិ​កំពុង​ភិតភ័យ សូម្បី​អង្គការសហប្រជាជាតិ​ក៏​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់​និង​ស្ងប់ស្ងាត់​។ អ្វីដែល​អ៊ីរ៉ង់​ត្រូវ​ចាំ​មួយទៀត ប្រសិនបើ​ផ្ទុះ​សង្គ្រាម​មែន​គឺ​អ៊ីរ៉ង់​ខ្លួនឯង​ជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ព្រោះ​អាមេរិក​បាន​ត្រៀម​ជើង​ព្រូ​ល​រួចជាស្រេច បញ្ជូន​កម្លាំង​ទ័ព នាវាចម្បាំង យន្ដហោះ​ចម្បាំង នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់​B52​ជា​យន្ដហោះ​គ្រោះថ្នាក់​បំផុត ទៅកាន់​ទីតាំង​ក្បែរ​​ប្រទេស​អ៊ីរ៉ង់ ហើយ​បើ​អង់គ្លេស​ចាប់ដៃ​ជាមួយ​អាមេរិក​ទៀត​គឺ​រឹតតែ​ធ្ងន់ធ្ងរ​សម្រាប់​អ៊ីរ៉ង់​។ អ៊ីរ៉ង់​មិនបាន​ទៅ​ធ្វើសង្គ្រាម​ដល់​អង់គ្លេស​ឬ​អាមេរិក​ឡើយ តែ​ប្រទេស​ទាំងពីរ​នេះ​ទេ ដែល​មានលទ្ធភាព​គ្រប់គ្រាន់​មក​វាយប្រហារ​អ៊ីរ៉ង់​ដល់​របង​ផ្ទះ​។ ចង់​ឬ​មិន​ចង់ឲ្យ​វិបត្ដិ​កាន់តែ​ធ្ងន់ធ្ងរ អ៊ីរ៉ង់​ខ្លួនឯង​ជា​អ្នក​ជ្រើសរើស​ផ្លូវ​ដើរ​ដែល​សមស្រប​បំផុត​។​

​និយាយ​ដូច្នេះ ព្រោះ​អ៊ីរ៉ង់​ជា​ប្រទេស​ដើមចម បើ​គ្មាន​អ៊ីរ៉ង់​ក៏​គ្មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ក្នុង​ឆ្នាំ​២០១៥​ដែរ​។ លោក​ដូណាល់ ត្រាំ​សម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០១៨ ដោយ​ចោទ​អ៊ីរ៉ង់​ថា​រំលោភ​កិច្ចព្រមព្រៀង ហើយ​លួច​គាំទ្រ​ក្រុម​ភេរ​វករ​ដោយ​សម្ងាត់​។ អ៊ីរ៉ង់​ទើប​ប្រកាស​នឹង​បន្ដ​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ ធ្វើឲ្យ​អាមេរិកខឹង​កាន់តែខ្លាំ​ង​ហើយ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាថ្មី​។ ប៉ុន្ដែ​បើ​អ៊ីរ៉ង់​បន្ទន់ឥរិយាបថ​បន្ដិច​បោះដៃ​ឲ្យមាន​កិច្ច​ចរចា ច្បាស់​ណាស់​អាមេរិក​និង​អង់គ្លេស​ប្រាកដជា​ស្វាគមន៍​ដៃ​ពីរ​។ ផ្ទុយទៅវិញ​បើ​អ៊ីរ៉ង់​រឹងទទឹង​មិន​ស្ដាប់​ការអំពាវនាវ ហ៊ាន​ល្បង​កម្លាំងយោធា​ជាមួយ​អាមេរិក​និង​អង់គ្លេស អ៊ីរ៉ង់​នឹង​បាន​ភ្លឺភ្នែក​៕

ព័ត៌មានផ្សេងទៀត