អង់គ្លេស​គ្រោង​បង្កើត​កងកម្លាំង​ដឹកនាំ​ដោយ​អឺរ៉ុប សម្រាប់​ការពារ​ការដឹកជញ្ជូន​តាម​សមុទ្រ​

23-07-2019 12:06 pm 538
  ស្តាប់
ស្តាប់ជាសំឡេង

​លោក Jeremy Hunt រដ្ឋមន្ត្រី​ក្រសួងការបរទេសអង់គ្លេស​បញ្ជាក់ថា គម្រោង​បង្កើត​កងកម្លាំង​ការពារ​ដឹកនាំ​ដោយ​អឺរ៉ុប ដើម្បី​ការពារ​សុវត្ថិភាព​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ មិនមែនជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អាមេរិក សម្រាប់​ដាក់​សម្ពាធ ជា​អតិបរមា​លើ​ប្រទេស​អ៊ីរ៉ង់​នោះទេ​។ មិន​ពាក់ព័ន្ធ​នឹង​អាមេរិក ពីព្រោះ​អង់គ្លេស នៅតែ​គោរព ចំពោះ​ការប្តេជ្ញាចិត្ត​របស់ខ្លួន នៅក្នុង​ការការពារ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឥត​កែប្រែ​។ 

​លោក​Jeremy Hunt  បាន​ថ្លែងថា យើង​នឹង​ស្វែងរក​ការបង្កើត​បេសកកម្ម​នេះ ឲ្យបាន​ឆាប់​តាមដែ​លអាច​ធ្វើទៅបាន​។ ប្រមុខ​ការទូត​អង់គ្លេស បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អ៊ីរ៉ង់ ដោយ​ហៅ​ប្រទេស​អ៊ីរ៉ង់​ថា​ជា​ចោរ​សមុទ្រ ខណៈពេល​ចក្រភព​អង់គ្លេស មិន​ចង់​មាន​ការប្រឈមមុខ​ដាក់​គ្នា ជាមួយ​អ៊ីរ៉ង់​ទាល់តែសោះ​។ ការ​ថ្លែង​របស់លោក Jeremy Hunt យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ស្វែងរក​វិធានការ​ឆ្លើយតប នឹង​ឧប្បត្តិហេតុ​ដែល​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​។​

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ៊ីរ៉ង់​បាន​ឃាត់​និង​រឹបអូស​កប៉ាល់​ដឹក​ប្រេង​របស់​អង់គ្លេស​ឈ្មោះ Stena Impero ក្រោម​ហេតុផល​ថា កប៉ាល់​មួយគ្រឿង​នោះ​ផ្គើន​មិន​គោរព​ច្បាប់​ដែនសមុទ្រ​អន្តរជាតិ នៅពេល​ឆ្លងកាត់​ច្រក​សមុទ្រ​Hormuz​។ យ៉ាងណាក៏ដោយ អង់គ្លេស​បាន​អះអាងថា កប៉ាល់​របស់ខ្លួន​ពេលនោះ ស្ថិតនៅក្នុង​ដែនទឹក​Omani​ទេ​។ បើទោះជា​បែបនេះ​ក្តី កប៉ាល់ Stena Impero កំពុង​ស្ថិតនៅក្រោម​ការ​ស៊ើបអង្កេត លើ​ការរំលោភបំពាន​ច្បាប់​សមុទ្រ​អន្តរជាតិ​របស់​អ៊ីរ៉ង់​។​

​ឆ្លើយតប​ចំពោះ​ប្រទេស​ជាច្រើន ដែល​ទាមទារ​ឲ្យ​ដោះលែង​កប៉ាល់​អង់គ្លេស អ៊ីរ៉ង់​តប​ថា លុះត្រាតែ​អង់គ្លេស​យល់ព្រម​ប្រគល់ នាវា​របស់​អ៊ីរ៉ង់​មួយគ្រឿង​ឈ្មោះ Grace 1​ដែរ ប្រសិនបើ​អង់គ្លេស​រក​មិន​ឃើញថា Grace 1​មិនបាន​ដឹកជញ្ជូន​ប្រេង​ឲ្យទៅ​ស៊ីរី រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។ អង់គ្លេស​សន្យា​នឹង​ប្រគល់​នាវា Grace 1​ដែល​រឹបអូស​យកទៅ​រក្សាទុក​កាលពី​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩ ឲ្យទៅ​អ៊ីរ៉ង់​វិញ ប្រសិនបើ​រក​មិនឃើញ​កំហុស​៕

 ពាក្យគន្លឹះ  អង់គ្លេសអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត