បុណ្យ​សមុទ្រ​លើក​ទី​៨​​នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​កំពត​​

23-07-2019 11:50 am 530
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​២០-២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ។ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត បាន​រួមគ្នា​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន គឺ​ទី​១. កំណត់​យក​ខេត្តកំពត ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ឱ្យមាន «​វិថី​ម្ហូបអាហារ ឬ​ហៅថា Street Food» ឱ្យបាន​លេចធ្លោរ​ឡើង​។​ទី​២. ជំរុញឱ្យមាន​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា នៅ​ខេត្តកំពត​ឱ្យបាន​ទូលំទូលាយ ពិសេស​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តំបន់​ក​សិ​ទេសចរណ៍​កូន​សត្វ ចម្ការ​ម្រេច និង​ផលិផល​ម្រេច​កំពត ភ្នំ​កំពង់ត្រាច រមណីយដ្ឋាន​ទឹកឈូ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។​

​ទី​៣. ត្រូវ​ត្រៀម​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ដែលជា​ផលិតផល​កសិកម្ម​នាំចេញ​នៅនឹងកន្លែង ដូចជា ធូ​រេន ចេក សាវម៉ាវ ដូង ស្រកានាគ​ជាដើម​។​ទី​៤. ត្រូវ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និង​ត្រូវ​អញ្ជើញ​ក្រុម​សិល្បៈ​របស់​ប្រទេសជិតខាង និង​ខេត្ត​ដែលជា​សម្ពន្ធមេត្រី​របស់​ខេត្ត​កំពត ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាងមុខ​នោះ​។​ទី​៥. ជំរុញ​ឱ្យ​រដ្ឋបាលខេត្ត​កំពត គប្បី​រៀបចំ​ឆ្នេរ​ខ្សាច់​ថ្មី​ទៀត ដើម្បី​បង្កើតជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​បន្ថែម​។​

​ទី​៦. ស្នើឱ្យ​ក្រុមហ៊ុន​សុខា​បូកគោ គប្បី​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ផ្សេងៗ​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​រួមចំណែក​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​ក្នុង​ព្រឹត្តិការណ៍​ធំ​នេះ ដូចជា​ព្រឹត្តិការណ៍​ដើរ​កម្សាន្ត​ក្នុងព្រៃ រត់​ម៉ារ៉ាតុន ប្រណាំង​កង់ ប្រណាំង​ទូក និង​ទស្សនា​កម្សាន្ត​នៅតាម​តំបន់​ទាក់ទាញ​មួយចំនួនទៀត​នៅលើ​ភ្នំ​បូកគោ​។ ទី​៧. រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​កីឡា​ឱ្យបាន​ច្រើន ពិសេស​ប្រភេទ​កីឡា ដែល​នឹង​ត្រូវដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ដូចជា ជិះ​កង់ រត់ប្រណាំង កីឡា​លើទឹក លើ​ឆ្នេរ និង​លើគោក​។​

ទី​៨.​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សេវាកម្ម អនាម័យ​ចំណីអាហារ ត្រូវមាន​បដិសណ្ឋារកិច្ច​ល្អ ត្រូវមាន​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវមាន​ការលើកទឹកចិត្ត​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ណា​ដែល​អនុវត្តបាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការត្រួតពិនិត្យ វាយតម្លៃ​របស់​ក្រសួង​ទេសចរណ៍​។​ទី​៩.​ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​សហគមន៍​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ខេត្តកំពត កែប និង​ខេត្ត​ព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងគុណភាព​សេវាកម្ម អនាម័យ​ចំណីអាហារ សុវត្ថិភាព​ភ្ញៀវទេសចរ ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ឆាប់រហ័ស អំពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មកកាន់​ខេត្ត​កំពត និង​តំបន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល តាមរយៈ​កម្មវិធី​នៅលើ​ទូរស័ព្ទ​វៃឆ្លាត (Mobile App) និង​ទី​១០. ត្រូវ​រៀបចំ​ការតុបតែង​លម្អ​ឱ្យមាន​សោភ័ណភាព​ល្អ ពិសេស​គឺ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឱ្យ​ទូទាំង​ខេត្ត និង​ក្រុង​កំពត​មាន​ភាព​ស្អាត និង​ត្រូវមាន​បង្គន់​អនាម័យ​ឱ្យបាន​គ្រប់គ្រាន់ ត្រូវ​ធ្វើឱ្យមាន​ការប្រែប្រួល​គួរ​ជាទី​មោទនៈ​។ 

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៨​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ពិធី​នេះ​ឡើង​។ សម្រាប់​បុណ្យ​សមុទ្យ​លើកទី​៧​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំឡើង ក្នុង​ខេត្តកោះកុង​ដែលមាន​ប្រជាជន​ចូល​រហូតដល់​៩​ម៉ឺន​នាក់ ៕


ព័ត៌មានផ្សេងទៀត