កូរ៉េ​​ប្រកាស​​បង្កើន​កូតា​​សម្រាប់​ពលករ​​កម្ពុ​ជា​​បន្ថែមទៀត​​

23-07-2019 9:54 am 225
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី ២២ កក្កដា ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ​(EPS) លោក​KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ បញ្ជាក់ប្រាប់​ភាគី​កម្ពុជា​ថា កូរ៉េ នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​បន្ថែមទៀត​។ ការប្រកាស​បង្កើន កូតា​សម្រាប់​ពលក​រ​កម្ពុជា បន្ថែមទៀត​នេះ ត្រូវបាន​ភាគី​កូរ៉េ​អះអាងថា ដោយ​អត្តចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម​របស់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ សាធារណរដ្ឋ​កូរ៉េ និង​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កូរ៉េ​។​

​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិកា​រលើ​ការបញ្ជូន​ពលករ​នេះ ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។​លោក​បញ្ជាក់ទៀតថា ភាគី​កូរ៉េ​នឹង​ផ្តល់ជូន​អ្នកបច្ចេកទេស ដើម្បី​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលក​រ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ឲ្យទទួល​បាន​នូវ​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ ដើម្បីឲ្យ​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ មាន​ជំនាញ​មួយ​ច្បាស់លាស់​។​

​សូមបញ្ជាក់ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ សម្រាប់​រយៈពេល​នៃ​ការបញ្ជូន​នេះ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​។ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ដែល​បាន​បញ្ជូន​ពលករ​ច្រើនជាងគេ​ក្នុងចំណោម ១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈនេ​ប៉ាល់ លេខ​២, វៀតណាម លេខ​៣, ឥណ្ឌូនេស៊ី លេខ​៤ និង​លេខ​៥ គឺ​ប្រទេស​ថៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​។​

​ការជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ EPS គឺ​ផ្អែកលើ​កត្តា​៣​យ៉ាង​ជា​ចាំបាច់​៖ ទី​១-​តេស្ត​ភាសា​កូរ៉េ EPS-TOPIK តាម​ប្រព័ន្ធ​កុំព្យូទ័រ ទី​២-​តេស្ត​ជំនាញ និង​ទី​៣-​ការវាយតម្លៃ​សមត្ថភាព​។​

​ចាប់ពី​ឆ្នាំ​២០០៧​មក ការប្រឡង​តេស្ត​សមត្ថភាព​កូរ៉េ​(EPS-TOPIK) រៀបចំ​បាន​ចំនួន ១៦​លើក​មកហើយ​(​លើក​ទី​១៦ កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-Korea) រួមសហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​(MTOSB) ដែលមាន​បេក្ខជន​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន ៤៣៤ ០៥៤​នាក់ ហើយ​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៨៩ ៣៩៣​នាក់​៕

 ពាក្យគន្លឹះ  ពលករកូរ៉េ

ព័ត៌មានផ្សេងទៀត