បន្ទាប់ពីក្រុមហ៊ុនHuaweiត្រូវអាមេរិកបញ្ជូលក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្គត់ផ្គង់បន្ទះឈីបនិងsoftwareទៅឲ្យ ភាពជ្រួលច្របល់ក៏កើតមានឡើង ដោយសារតែក្រុមហ៊ុនHuaweiគឺជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុនGoogleអាមេរិក។ ប្រសិនបើក្រុមហ៊ុនGoogleផ្អាកផ្គត់ផ្គង់ប្រតិបត្ដិការAndroidទៅHuawei នោះបានន័យថាទូរស័ព្ទរបស់ក្រុមហ៊ុននេះនឹងប្រើលែងកើត។
ប៉ុន្ដែខាងក្រុមហ៊ុនHuaweiក៏បានចេញសេចក្ដីជូនដំណឹងថា ទូរស័ព្ទដែលអតិថិជនកំពុងប្រើប្រាស់ទាំងអស់គ្មានបញ្ហាអ្វីឡើយ ដូច្នេះសូមកុំឲ្យអ្នកប្រើប្រាស់ព្រួយបារម្ភ។ ក្រុមហ៊ុននឹងព្យាយាមចរចាជាមួយក្រុមហ៊ុនGoogle ពាក់ព័ន្ធនឹងការរក្សាកិច្ចសហការដូចដើម។ បន្ទាប់ពីនោះមកក៏បែកធ្លាយព័ត៌មានថា ក្រុមហ៊ុនHuaweiនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការដោយខ្លួនឯង ដែលមានឈ្មោះថាHongmeng ប៉ុន្ដែគេនៅពុំទាន់ដឹងច្បាស់ឡើយថា ប្រពន្ធOS Hongmengនេះ អាចជំនួសប្រព័ន្ធប្រតិបត្ដិការAndroidឬយ៉ាងណាទេ។
ទីបំផុតមន្ដ្រីក្រុមហ៊ុនHuaweiក៏បានចេញមុខបកស្រាយ។ មន្ដ្រីជាន់ខ្ពស់ក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្ដិការHongmengនេះមិនមែនប្រើប្រាស់សម្រាប់ទូរស័ព្ទទេ ក្រុមហ៊ុនបង្កើតឡើងសម្រាប់អាជីវកម្មច្រើនជាង។ នៅថ្ងៃខាងមុខប្រតិបត្ដិការAndroidរបស់ក្រុមហ៊ុនGoogle នឹងបន្ដប្រើប្រាស់សម្រាប់ទូរស័ព្ទក្រុមហ៊ុនHuaweiដដែល។
ការអះអាងដូច្នេះហាក់បញ្ជាក់ថា Huaweiពិតជាមិនអាចខ្វះGoogleក្នុងភាពជាដៃគូបានដដែល ខណៈដែលមានពន្លឺពីការបន្ធូរបន្ថយការរឹតបន្ដឹង។ ក្រុមហ៊ុនទាំងពីរមានទំនាក់ទំនងស្អិតល្មួតកន្លងមក ដូច្នេះHuaweiចង់បន្ដប្រើAndroidរបស់Googleតទៅមុខទៀត៕