ក្រសួង​សុខាភិបាល​៖​សម្រេច​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​លើ​មាតា និង​ទារក​នៅ​ខេត្ដ​ចំនួន​៧

22-07-2019 3:54 pm 301
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែងថា គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​លើ​មាតា ទារក និង​កុមារ​ក្នុង​រយៈពេល ៥​ឆ្នាំ ២០១៩-២០២៤​នេះ នឹង​ផ្ដោត​សំខាន់​ទៅលើ​ខេត្ដ​ចំនួន​៧ គឺ​៖ ខេត្ដ​មណ្ឌល​គី​រី រតនៈគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ឆ្នាំង និង​កោះកុង ដែល​កំពុងតែ​មាន​ការ​ខ្វះខាត​អាហារូបត្ថម្ភ​ច្រើន​គេ ក្នុងចំណោម​២៥ ខេត្ដ​ក្រុង​។​លោក​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ប្រកាស​ជា​ផ្លូវការ ដាក់​ឱ្យ​អនុវត្ដ​ន៍​អាហារូបត្ថម្ភ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​គម្រោង​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​កា​រ​ផ្តល់​សេវា​សុខភាព​មាតា ទារក កុមារ និង​អាហារូបត្ថម្ភ​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ស្ត្រី​មាន​ផ្ទៃពោះ ស្ដ្រី​សម្រាលកូន និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ។​ការ​អនុវត្ដ​ន៍​អាហារូបត្ថម្ភ​នេះ មាន​ថវិកា​សរុប​ចំនួន ៥៣​លាន​ដុល្លារ ដែល​បាន​ពី​ថវិកាជាតិ និង​បដិភាគ​ដោយ​ធនាគារពិភពលោក មូលនិធិ​ហិរញ្ញប្បទាន​សកល​សម្រាប់​ស្ដ្រី កុមារ និង​យុវវ័យ ធនាគារ​អភិវឌ្ឍ​អាល្លឺម៉ង់ និង​រដ្ឋាភិបាល​អូស្ដ្រាលី ។​

​ជាងនេះទៅទៀត បុគ្គលិក​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ក្នុង​តំបន់ ដែល​គម្រោង​អនុវត្ត​នឹង​ទទួលបាន​នូវ​ការ​បង្វិក​ជំនាញ​គ្លីនិក​បន្ថែម ដើម្បី​ផ្តល់​សេវា​នៅ​នឹង​មន្ទីរពេទ្យ មណ្ឌល​សុខភាព ស្តីសុខភាព​ក៏ដូចជា​ផ្តល់​សេវា​និង​ផ្តល់​ការផ្តល់​ប្រឹក្សា​អប់រំ​អំពី​ការថែទាំ​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ អាហារូបត្ថម្ភ​របស់​មា​តា ការថែទាំ​ក្រោយ​សម្រាល ការចិញ្ចឹម​ទារក​/​កុមារ ការតាមដាន​ការលូតលាស់​របស់​កុមារ​តូច តាមរយៈ​ការចុះ​ផ្តល់​សេវា​សុខាភិបាល នៅតាម​សហគមន៍ ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​។​

​គួរបញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​បន្ត​ការវិនិយោគ​ទៅលើ​សុខភាព​មាតា ទារក កុមារ និង​អាហារូបត្ថម្ភ និង​កៀរគរ​គ្រប់​ធនធាន ដែលមាន​យកមកអនុវត្ត​សកម្មភាព​អាទិភាព​ចំពោះមុខ​។ ជាងនេះទៅទៀត ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩​មក​កម្ពុជា ក៏​បាន​ដាក់​បន្ថែម​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្រោម​២​ឆ្នាំ​នៃ​គ្រួសារ ដែល​មាន​ប័ណ្ណ​សមធម៌ ឬ​បណ្ណ​អាទិភាព ដើម្បី​ជួយ​គ្រួសារ​ក្រីក្រ ឱ្យ​ទទួលបាន​ការថែទាំ រយៈពេល​១,០០០​ថ្ងៃ​ពេញលេញ​៕

ព័ត៌មានផ្សេងទៀត