លោក​អាបេ​ចង់​ធ្វើ​អ្នកសម្របសម្រួល បន្ថយ​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​

22-07-2019 3:53 pm 327
  ស្តាប់
លោកហាសាន រ៉ូហានីប្រធានាធិបតីអ៊ីរ៉ង់នៅខាងឆ្វេងលោកស៊ីន ហ្ស៊ូអាបេ និងលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន ហ្ស៊ួ​អាបេ​ចង់​ដើរតួ​ជា​អាជ្ញាកណ្តាល សម្របសម្រួល បន្ធូរបន្ថយ​ភាព​តានតឹង រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់ ដោយ​សំអាង​លើ​ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ភាគី​ទាំងពីរ​។ ជប៉ុន​ជា​សម្ព័នមិត្ត​ជាមួយ​អាមេរិក​ស្រាប់ ហើយ​ថែមទាំង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​អ៊ីរ៉ង់​ជា​យូរយារ​ណាស់​មកហើយ​។​

​លោក​អាបេ​បាន​និយាយ​នៅពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ថា យើង​មាន​ទំនាក់ទំនង​ល្អជា​ប្រពៃណី​ជាមួយ​អ៊ីរ៉ង់ ហើយក៏​បាន​ជួប​ប្រធានាធិបតី​អ៊ីរ៉ង់​ជាច្រើនលើក ដូចជា​ការជួប​ជាមួយ​មេដឹកនាំ​ផ្សេងៗ​ទៀត​ដែរ​។  អំឡុង​ពេលនេះ ជប៉ុន​ក៏​កំពុង​ទាក់ទង​ជាមួយ​អាមេរិក ដើម្បី​ប្រមែប្រមូល​ព័ត៌មាន​មួយចំនួន​។ លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ត្រូវ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក Taro Kono ហើយ​លោក​Bolton ថែមទាំង​ជួប​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កំពូល​ជប៉ុន​លោក Shotaro Yachi ផងដែរ​។ ប៉ុន្តែ​ពុំមាន​ការបញ្ជាក់​ទេ​ថា មន្ត្រី​ទាំងនេះ​ពិភាក្សា​លម្អិត​ពី​អ្វីខ្លះ​។​

យ៉ាងណាក៏ដោយ លោក ស៊ីន ហ្សូ​អាបេ​អះអាងថា ជប៉ុន​នឹងធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ឲ្យអស់​លទ្ធភាព ដើម្បី​បន្ថយ​ស្ថានភាព​តានតឹង​ឲ្យ​ធូរស្រាល មុននឹង​សម្រេចចិត្ត​បញ្ជូន​កងទ័ពជើងទឹក ទៅ​ជួយ​អាមេរិក ឃ្លាំមើល​ស្ថានភាព​នៅ​មជ្ឈិម​បូព៌ា​។ យោងទៅតាម​ប្រភព​សារព័ត៌មាន​ជប៉ុន​ឲ្យដឹងថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្នើឲ្យ​បង្កើត​ការឃ្លាំមើល ការដឹកជញ្ជូន​ប្រេង​នៅតាម​ផ្លូវទឹក ពោលគឺ​នៅ​ទីតាំង​ដែលមាន​ការបន្ទោស​លើ​អ៊ីរ៉ង់​ថា បាន​វាយប្រហា​រលើ​នាវា​ដឹក​ប្រេង ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវទឹក​នោះ​។​

អាមេរិក និង​អ៊ីរ៉ង់​កំពុងតែ​មាន​ភាព​តានតឹង​នឹង​គ្នា​ខ្លាំង ក្រោយ​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​នៅ​ច្រក​សមុទ្រ​Hormuz​។ អាមេរិក​ថ្មីៗ​នេះ បានប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​Drone​របស់​អ៊ីរ៉ង់​វិញ​មួយគ្រឿង​ដែរ តែ​អ៊ីរ៉ង់​បដិសេធថា មិនបាន​បាត់​យន្តហោះ​នោះទេ​។ ទំនាស់​រវាង​អាមេរិក​និង​អ៊ីរ៉ង់ ដំបូង​ផ្តើមចេញពី​រឿង​អាមេរិក​ដកខ្លួន​ដោយ​ឯកតោភាគី ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ហេតុផល​ថា អ៊ីរ៉ង់​បាន​រំលោភ​លើ​ខ្លឹមសារ​ដែល​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​។ ក្រៅពី​ដកខ្លួន អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច បិទ​មិនឲ្យ​អ៊ីរ៉ង់​នាំ​ប្រេង​ចេញ​បាន​ដោយ​សេរី​ទៀត​។ ការណ៍​នេះ​ធ្វើឲ្យ​អ៊ីរ៉ង់​ខឹង ព្រោះតែ​ប្រភព​ចំណូល​ដ៏​សំខាន់​ទ្រទ្រង់​សេដ្ឋកិច្ច​អ៊ីរ៉ង់ គឺ​បានមកពី​ការលក់ដូរ​ប្រេង​នេះឯង​៕

 


 ពាក្យគន្លឹះ  អាមេរិកជប៉ុនអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត