លោក​ហ៊ីង ប៊ុន​ហៀ​ង ផ្ទុះ​​ប្រតិកម្ម​ថា​លោក​នឹង​អមដំណើរ​លោក​សម រង្ស៊ី ចូល​ស្រុក​

22-07-2019 3:11 pm 2649

​លោក ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស លោកនាយក​រដ្ឋមន្ត្រី បាន​ប្រតិកម្ម​ច្រាន​ចោល​ភ្លាមៗ និង​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ជន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ប្រឌិត​ថា រូបលោក និង​ឧត្តមសេនីយ៍​យោធា​ជាច្រើ​នរូប​ផ្សេងទៀត ត្រៀម​អមដំណើរ​ជា​មួយ​លោក សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ ក្នុង​អំឡុង​ខែ​កញ្ញា​ខាងមុខនេះ​។​

​លោក​ហ៊ីង ប៊ុន​ហៀ​ង បាន​បញ្ជាក់​តាម​រយៈ​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ​ថា លោក​ប្រកាស​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​អគតិ​ទាំង​នោះ ដែល​ធ្វើឲ្យ​មាន​ការភ័ន្ដច្រឡំ និង​ខូច​សណ្ដាប់ធ្នាប់​សង្គម ក៏​ដូច​ស្ថេរភាព​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការប្រកាស​ច្រានចោល​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​គណនី Facebook ឈ្មោះ Seng Ratana បាន​បង្ហោះ​ខ្លឹមសារ​ថា «​ហ៊ីង ប៊ុន​ហៀ​ង កំពុង​នៅ​ថៃ​ត្រៀម​អមដំណើរ និង​ការពា​រលោក​ប្រធានស្ដីទី សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា នៅក្នុង​ខែ​កញ្ញា​ខាងមុខ ដូច្នេះ​នេះ​ជា​ដំណឹង​មួយ​ដ៏​រីករាយ និង​រំភើប​បំផុត​។ ហើយ​មាន​ឧត្តមសេនីយ៍ជាង​២០​រូប​ទៀត ក៏​ត្រៀម​ចាំ​អមដំណើរ​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី តាម​ច្រកព្រំដែន​ខ្មែរ​-​ថៃ​ផង​ដែរ​»​។​

​យ៉ាងណាមិញ លោក​ហ៊ីង ប៊ុន​ហៀ​ង បានប្រកាស​តប​វិញ​ដែរ​ថា កងកម្លាំង​អង្គរក្ស នៅក្រោម​បញ្ជា​របស់​លោក​ទាំងអស់ គឺ​ពិតជា​ត្រៀម​អមដំណើរ ប៉ុន្ដែ​អមដោយ​ខ្នោះ​យក​ទៅ​ជាមួយ ដើម្បី​ចាប់​លោក​សម រង្ស៊ី រូបនេះ និង​បរិវា​របស់ខ្លួន បើសិន​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​ពេលណា​នោះ ពីព្រោះ​ដីកាចាប់ខ្លួន​របស់​តុលាការ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ក្បត់ជាតិ​ជាច្រើន កំពុង​តែ​ទទួល​រងចាំ​។​

​សូមបញ្ជាក់​ថា លោក​សម រង្ស៊ី ដែល​កំពុង​ហ៊ុំព័ទ្ធ​ដោយ​ពាក្យបណ្តឹង និង​ភៀសខ្លួន​រស់​នៅ​ក្រៅប្រទេស​។ បច្ចុប្បន្ន ព័ត៌មាន នៃ​ការប្រកាស​ចូល​ស្រុក​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូបនេះ កំពុងតែ​ផុសផុល ខណៈ​រាជរដ្ឋាភិបាល ក៏​បាន​ត្រៀម​វិធានការ​រួច​ជា​ស្រេច​នោះ នៅពេលដែ​លោក​សម រង្ស៊ី បង្ហាញ​វត្តមាន នៅ​កម្ពុជា​ពេលណា​នោះ​៕

ព័ត៌មានផ្សេងទៀត