លោក​ហ៊ុន សែន​ បដិសេធ​​ការចុះហត្ថលេខា​​សម្ងាត់​ជាមួយ​ចិន​​ដើម្បី​ប្រើ​​មូលដ្ឋាន​យោធា​​

22-07-2019 10:03 am 6786

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្ងៃទី​២២ កក្កដា ​នេះ បាន​ប្រតិកម្ម​តប​ភ្លាមៗ តាមរយៈ​បណ្តាញ​ព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ដោយ​ហៅ​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីអំពី​កម្ពុជា​ចុះហត្ថលេខា​ជាសម្ងាត់​ជាមួយ​ចិន ប្រើប្រាស់​មូលដ្ឋាន​យោធា គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។​

​លោក​ហ៊ុន សែន បញ្ជាក់ថា «​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​។ គ្មាន​រឿង​បែបនេះ​កើតឡើង​នោះទេ ព្រោះ​មូលដ្ឋាន​យោធាបរទេស ​វា​បាន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​»​។​

​ប្រតិកម្ម​របស់លោក​ហ៊ុន សែន ពេលនេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​ប​រទេស​មួយចំនួន ព្រមទាំង​សារព័ត៌មាន VOA បាន​ចេញផ្សាយ​ដកស្រង់​តាម សារព័ត៌មាន The Wall Street Journal ថា «​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាសម្ងាត់​មួយ ដើម្បី​អនុញ្ញាតឲ្យ​កងទ័ពរ​បស់​ខ្លួន ប្រើប្រាស់​មូលដ្ឋាន​ទ័ពជើងទឹក​កម្ពុជា​។ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់ឲ្យ​ភាគី​ចិន​នូវ​សិទ្ធិផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក​ចិន​ជា​ផ្នែក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​ព្រលានយន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន​នឹង​អនុញ្ញាតឲ្យ​ចិន​ប្រើជា​មូលដ្ឋាន​យោធា​រយៈពេល​៣០​ឆ្នាំ ដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ កន្លែង​ចត​ជាដើម​»​។​

​លោក​ហ៊ុន សែន ចោទ​ជា​សំណួ​រថា «​តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់ខ្លួន​ដើម្បី​អ្វី​? យើង​មិនដែល​បាន​ពិភាក្សា​ណាមួយ ជាមួយ​មេដឹកនាំ​ចិន​នោះឡើយ កុំថាឡើយ​ដល់​មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​និង​យើង​ហើយ​»​។​នេះ​ជា​ការបញ្ជាក់​របស់លោក​ហ៊ុន សែន​។​

​ជា​ការកត់សម្គាល់ កន្លង​ទាំង​លោក​ហ៊ុន សែន និង​មន្ត្រី​យោធា​កំពូលៗ​របស់​កម្ពុជា ធ្លាប់​បានចេញ​សេចក្តីប្រកាស​បដិសេធ​ជា​សាធារណៈ​ច្រើនដង​រួចហើយ អំពី​បញ្ហា​នេះ និង​អះអាងថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ ហើយ​ថា ច្បាប់រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួន​ឡើយ​។​

​កាសែត The Wall Street Journal ដែល​ស្រង់​មក​ផ្សាយ​បន្ត​ដោយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បាន​រាយការណ៍​ដែរថា ប្រសិនបើ​ចិន​មាន​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា នោះ​ចិន​នឹងមាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច និង​មានប្រៀប​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល កំពុងមាន​វិវាទ​ជាមួយ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​៕

ព័ត៌មានផ្សេងទៀត