ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសBritish Airways បានលុបចោលជើងហោះហើរទាំងអស់ពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុងគែរនៃប្រទេសអេហ្ស៊ីបរយៈពេលមួយសប្ដាហ៍ពេញ។ អ្នកដំណើរដែលគ្រោងនឹងធ្វើដំណើរតាមយន្ដហោះទៅទីក្រុងគែរ ត្រូវបានជូនដំណឹងថាការហោះហើររបស់ពួកគេត្រូវបានលុបចោល ដែលគ្មានជម្រើសផ្សេងឡើយក្រៅពីរង់ចាំរយៈពេលមួយសប្ដាហ៍។ ពាក់ព័ន្ធនឹងការលុបចោលជើងហោះហើរបណ្ដោះអាសន្ននេះ ជាការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាព ប៉ុន្ដែក្រុមហ៊ុនមិនបានផ្ដល់ព័ត៌មានលម្អិតទេ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ក្រុងគែរប្រទេសអេហ្ស៊ីប បានប្រាប់អ្នកសារព័ត៌មានថាខាងអាកាសយានដ្ឋាន មិនបានទទួលការជូនដំណឹងជាមុនពីក្រុមហ៊ុនBAទាក់ទងនឹងការផ្លាស់ប្ដូរនេះទេ។ ចំណែកអ្នកនាំពាក្យក្រុមហ៊ុនBAបាននិយាយថា ក្រុមហ៊ុនតែងតែពិនិត្យឡើងវិញពីការរៀបចំសន្ដិសុខ ដូច្នេះក្រុមហ៊ុនត្រូវផ្អាកជើងហោះហើរមួយសប្ដាហ៍សិន។ សុវត្ថិភាពនិងសន្ដិសុខរបស់អតិថិជននិងបុគ្គលិកនៅលើយន្ដហោះ គឺជារឿងអាទិភាពបំផុត ហើយក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យមានការហោះហើរឡើយ លុះត្រាតែមានសុវត្ថិភាពគ្រប់គ្រាន់៕