ទីបំផុត​Pacquiao​​ធ្វើឲ្យ​Thurman​​ស្គាល់​ពាក្យ​ថា​​ចាញ់​លើក​ដំបូង​ហើយ​

21-07-2019 12:59 pm 3433
ឆ្វេងកីឡាករKeith Thurman និងកីឡាករ​Manny Pacquiao​

​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​Keith Thurman ស្គាល់​ពាក្យ​បរាជ័យ​លើកដំបូង​ហើយ ក្រោម​ថ្វីដៃ​ស្ដេច​ប្រដាល់​ហ្វីលីពីន​Manny Pacquiao​។ ការប្រកួត​ដែល​ទើប​បញ្ចប់​នៅមុននេះ​បន្ដិច នៅ​សង្វៀន MGM Grand Garden Arena ដែល​ស្ថិតក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក បាន​ប្រព្រឹត្ដទៅពេញ​១២​ទឹក​ដែល​មួយ​ទឹក​មាន​៣​នាទី​។ គ្រាន់តែ​ការប្រកួត​ចាប់ផ្ដើម​ភ្លាម Pacquiao​បាន​វាយ​ឲ្យ​Thurman​រាប់​ម្ដង​ក្នុង​ទឹក​មួយ​។  ក្រោយពី​នោះ​មានការ​សម្រុក​គ្នា​ទៅវិញទៅមក ប៉ុន្ដែ​ចប់​ពេញ​១២​ទឹក​អាជ្ញាកណ្ដាល​បានសម្រេច​ឲ្យ​Pacquiao​ជា​អ្នកឈ្នះ​។ 

​នេះ​ជា​ការជួបគ្នា​លើកដំបូង​រវាង​កីឡាករ​លំដាប់​ជួរមុខ​ទាំងពីរ ដោយ​ដាក់​ខ្សែក្រវាត់​២ រួមមាន WB A “Super” World Welterweight របស់​កីឡាករ​វ៉ៃ​មិនដែល​ចាញ់ Thurman​និង​ខ្សែក្រវាត់ WBA “Regular” Welterweight របស់ Pacquiao​។ គួរបញ្ជាក់​ផង​ថា នេះ​គឺជា​ការប្រកួត​ផ្លូវការ​លើក​ទី​៧១ របស់​បុរស​វ័យ​៤០​ឆ្នាំ​Manny Pacquiao ដោយឡែក​កីឡាករ​Keith Thurman វ័យ​៣០​ឆ្នាំមាន​រហស្សនាម​ថា «One Time» ជា​ការប្រកួត​លើក​ទី​៣០​របស់គេ​៕​

ព័ត៌មានផ្សេងទៀត