លោក ប៉ាន សូរស័ក្តិ៖ គម្រោង AIMS ជួយកសិករដាំបន្លែ និងបង្កើនប្រាក់ចំណូល

21-07-2019 12:20 pm 279
  ស្តាប់
ស្តាប់ជាសំឡេង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ការដាក់បញ្ចូលផលិតបន្លែសេរីរាង្គ ជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺដើម្បីថែរក្សាស្នាមញញឹម និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករ នៅតាមសហគមន៍ជនបទ សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។  

«ការផលិតបន្លែសរីរាង្គនេះ ក្រៅពីផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋហើយ ក៏ជួយធ្វើឱ្យមានសុខភាពល្អផងដែរ ព្រោះយើងដាំដុះដោយខ្លួនឯង ចំណែកឯប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ ក៏ទទួលបានសុខភាពល្អដូចគ្នា ហើយក្រសួងពាណិជ្ជកម្ម ក៏ចង់ឃើញពលរដ្ឋទាំងអស់ ប្រែក្លាយពីកសិករឆ្នើម ទៅជាពាណិជ្ជករជោគជ័យ រកស៊ីកាន់តែចំណេញ មានប្រាក់ចំណូលកាន់តែច្រើន នេះគឺជាគោលបំណងធំ នៃគម្រោងអែម (AIMS) របស់ក្រសួងពាណិជ្ជកម្ម» នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងឱកាសដឹកនាំមន្ត្រី ចុះពិនិត្យផលិតផលបន្លែសរីរាង្គ នៅក្នុងបរិវេណពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនសហគមន៍ដាំបន្លែ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃកសិផលក្នុងស្រុក និងការភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលផលិតផលបរទេស និងលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា ផលិតផលបន្លែសរីរាង្គនេះ ដាំដុះដោយសហគមន៍ប្រជាកសិករមកពីស្រុកចំនួន៥ គឺស្រុក ពួក, ស្រុក បាគង, ស្រុក សូត្រនិគម, ស្រុកបន្ទាយស្រី និង ស្រុក អង្គរជុំ ដែលបានដាក់លក់នៅក្នុងផ្សារទំនើបអង្គរ នៅក្នុងក្រុងសៀមរាប។

 

ព័ត៌មានផ្សេងទៀត