សមយុទ្ធ​យោធា​​អាមេរិក​-​កូរ៉េខាងត្បូង​​នៅតែ​បន្ដ​តាម​ផែនការ​​ទោះ​កូរ៉េខាងជើង​​ប្រតិកម្ម​

21-07-2019 11:22 am 294

​តាម​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​បានឲ្យដឹងថា សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង​ជាមួយ​សហរដ្ឋអាមេរិក នឹង​បន្ដ​តាម​ការគ្រោងទុក​ក្នុង​ខែក្រោយ​។ កូរ៉េខាងត្បូង​ក៏បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​កូរ៉េខាងជើង​ដែលថា សមយុទ្ធ​នេះ​រំលោភ​លើ​កិច្ចព្រមព្រៀង​រវាង​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​។ មន្ដ្រី​កូរ៉េខាងត្បូង​បន្ថែមថា សមយុទ្ធ​គ្រោង​រៀបចំឡើង​មិនមែនជា​ការឈ្លានពាន​ឡើយ គឺជា​ការពង្រឹង​សម្ព័ន្ធភាព​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​សមយុទ្ធ​ធ្វើឡើង​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ គ្មាន​វត្ដ​មាន​កងទ័ព​នៅក្នុង​ទីលាន​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា​លោក​ដូណាល ត្រាំ ធ្លាប់​បញ្ជាក់​ជាថ្មី​ជាមួយ​លោក​គីម ជុង​អ៊ុន ពេល​ជួបគ្នា​កាលពី​ខែ​មុន​នៅ​តំបន់​ព្រំដែន​កូរ៉េ ថា​នឹង​ផ្អាក​ការធ្វើ​សមយុទ្ធ​។ ប៉ុន្ដែ​អ្វី​ជាក់ស្ដែង​នៅពេលនេះ​គឺជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង ចេញ​ក្រោយ​កិច្ចប្រជុំ​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​ហើយ​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​គ្រោងទុក​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង ពិតជា​ធ្វើឲ្យ​យឺតយ៉ាវ​នូវ​ដំណើរការ​ចរចា​នុយក្លេអ៊ែ​រ​។ ក្រសួងការបរទេស​កូរ៉េខាងជើង​ថា ការសម្រេចចិត្ដ​ជាឯក​តោ​ភាគី​របស់ក្រុង​វ៉ាស៊ីនតោន បានធ្វើឲ្យ​ក្រុង​ព្យុងយ៉ាង​ពិចារណា​ឡើង​វិញ​ពី​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​។​

​គួរ​បញ្ជាក់ថា ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​តាំងពី​ដើមឆ្នាំ​២០១៨ ពេលនោះ​ហើយ​ជា​កត្ដា​ជំរុញ​ឲ្យ​មេដឹកនាំ​កូរ៉េ​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកដំបូង ហើយ​ក្រោយមក​លោក​គីម ជុង​អ៊ុន​ក៏បាន​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​លើកទីមួយ​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨​ដែរ​។ ក្រោយ​ជំនួប​លើកទីមួយ កិច្ចព្រមព្រៀង​លើ​ចំណុច​សំខាន់ៗ​បានចេញ​រួមគ្នា​។ អាមេរិក​និង​កូរ៉េខាងត្បូង​ក៏​ផ្អាក​សមយុទ្ធ​យោធា​ជាច្រើន ដើម្បី​ដោះដូរ​នឹង​ការចរចា​ជំរុញ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្ដែ​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ដើរ​ទៅមុខ​យឺតយ៉ាវ ជំរុញ​ឲ្យ​លោកត្រាំ​និង​លោក​គីម​ជួបគ្នា​ម្ដងទៀត​នៅ​វៀតណាម​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩ ប៉ុន្ដែ​កិច្ច​ជំនួប​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​។ 

​កាលពី​ខែមិថុនា​លោក​ត្រាំ​និង​លោក​គីម​ក៏បាន​ជួបគ្នា​ជា​លើក​ទី​បី​នៅ​តំបន់​ព្រំដែន​កូរ៉េ ប៉ុន្ដែ​មិនបាន​ពិភាក្សា​លម្អិត​ពី​បញ្ហា​រំលាយ​នុយក្លេអ៊ែរ​ទេ តែ​លោក​ត្រាំ​បានបង្ហាញ​ការប្ដេជ្ញាចិត្ដជា​ថ្មី​ជាមួយ​លោក​គីម​។ ដូច្នេះ​ការប្រកាស​ពី​សមយុទ្ធ​យោធា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​នៅពេលនេះ មិនទាន់​អាច​សន្និដ្ឋានបានថា​នឹង​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​ជួប​ភាពវឹកវរ​ជាថ្មី​ឬ​យ៉ាងណាទេ​?

ព័ត៌មានផ្សេងទៀត