ក្រសួង​មហាផ្ទៃ​ណែនាំ៧​ចំណុច​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​នៅ​កម្ពុជា​

21-07-2019 11:18 am 266

កាលពីពេល​កន្លង​មក ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តីណែនាំ​មួយ ចុះ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១០ ស្តីពី​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ប៉ុន្តែ​ក្រោយ​ពេល​ចេញ​សេចក្តីណែនាំ​ខាងលើនេះ​រួចមក ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញ​ថា មាន​ម្ចាស់​ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​មួយចំនួន បាន​អនុវត្ត​តាម តែ​ក៏​នៅ​មាន​មួយ​ចំនួន ពុំ​ទាន់​យល់​អំពី​កាតព្វកិច្ច និង​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ការកំណត់ នៃ​ច្បាប់​និង​លិខិត​បទដ្ឋា​គតិយុត្តិ​នេះ​នៅឡើយ​ទេ​។​

​ដោយ​សង្កេត​ឃើញ​ដូចនេះ​ហើយ ទើប​ក្រសួង​មហាផ្ទៃ​បាន​ដាក់ចេញ​នូវ​សេចក្តីណែនាំ​ចំនួន ៧​ចំណុច ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ សំដៅ​បង្កើន​ការគ្រប់គ្រង​វត្តមាន​នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​ផ្ទាល់​របស់​ជនបរទេស គ្រប់​រូប​ដែល​ស្នាក់​នៅ​កម្ពុជា​។​

​សេចក្តីណែនាំ​ទាំង ៧​ចំណុច​ដែល​ក្រសួងមហាផ្ទៃ​បាន​ដាក់​ចេញ​នោះ​រួមមាន​៖

១.​ម្ចាស់​ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ត្រូវ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស ដែល​បាន​ចូល​
​មក​ស្នាក់នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​នៅក្នុង​មូលដ្ឋាន​នោះ តាមរយៈ​គំរូ​របាយការណ៍ ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនឱ្យ​លើស​ពី​រយៈពេល​២៤​ម៉ោង​។​ក្នុងករណី ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​ជា​ជនបរទេស ត្រូវ​រាយការណ៍​បន្ថែម​អំពី​វត្តមាន​របស់​ខ្លួនឯង និង​សមាជិក​ដែល​ជា​ជនបរទេស​ក្នុងបន្ទុក ក្នុង​រយៈពេល​មិនឲ្យ​លើស​ពី ២៤​ម៉ោង​ដូច​គ្នា​

២. ខ្លឹមសារ​នៃ​សេចក្តីរាយការណ៍ ត្រូវ​បញ្ជាក់​ច្បាស់​អំពី​រយៈពេល​ស្នាក់នៅ រយៈពេល​បន្ត​ការ​ស្នាក់នៅ​
​និង​ឧប្បទ្ទវហេតុ​នានា​លើ​ជនបរទេស ដើម្បី​កម្លាំង​សមត្ថកិច្ច មាន​វិធានការ​សមស្រប​ទាន់ពេលវេលា​

៣.​ចំពោះ​ម្ចាស់​ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​ណា ដែល​មិន​បាន​រាយការណ៍​ពី​វត្តមាន នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស តាម​ការកំណត់​នៃ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា នឹង​ត្រូវ​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ ដែល​មានចែង ក្នុង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ផ្សេងៗ​ទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

៤.​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ផ្តល់​របាយការណ៍ និង​ពាក្យស្នើសុំ​បង្កើត​គណនី​ប្រើប្រាស់ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដល់​ម្ចាស់​ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍​ប្រចាំថ្ងៃ និង​ត្រូវ​បូក​សរុប​របាយការណ៍​ផ្ញើ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

៥.​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ តាមរយៈ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អំពី​មរណៈភាព ការ​បាត់​ខ្លួន និង​ឧប្បទ្ទវហេតុ​នានា​របស់​ជនបរទេស និង​ត្រូវ​ទទួលខុសត្រូវ ក្នុង​ការត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍ ដែល​បាន​មក​តាំង​ទីលំនៅ ឬ​ទើប​មក​តាំង​ទីលំនៅ ក្នុង​ដែនដី​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​

៦.​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​រៀបចំ​ផែនការ​អនុវត្ត និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ និង​សាធារណៈជន​និង​ត្រូវ​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​សេចក្តីណែនាំ​នេះ ព្រមទាំង​ធ្វើការ​បូកសរុប វាយតម្លៃ រាយការណ៍​ជូន​ក្រសួងមហាផ្ទៃ ដើម្បី​មាន​គោលការណ៍​ដឹកនាំ​

៧.​ក្រសួងមហាផ្ទៃ សូម​អំពាវនាវ​ដល់​សាធារណៈជន មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​ចំណែក​ផ្តល់ព័ត៌មាន និង​រាយការណ៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ អំពី​វត្តមាន​ជនបរទេស​មក​ស្នាក់នៅ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕

 

ព័ត៌មានផ្សេងទៀត