កម្ពុជា​-​វៀតណាម​គ្រោង​ចុះហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​បោះបង្គោល​ព្រំដែន​៨៤%

20-07-2019 4:17 pm 295

​ភាគី​កម្ពុជា​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ក្នុងការ​បង្កើន​ល្បឿន​នៃ​ការអនុវត្ត​កំណត់ព្រំដែន និង​បង្គោល​ព្រំដែន រួម​ទាំង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្លូវ​ច្បាប់​ចំនួន​២ ទទួលស្គាល់​ការបញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន ៨៤% នៅ​ឆ្នាំ​២០១៩​នេះ ។ 

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​អនុ​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ង្វៀន គួ​កយុង និង​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ខ្មែរ លោកស្រី អ៊ាត សោភា នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨ កក្កដា ។ នេះ​បើ​តាម​គេហទំព័រ​ផ្លូវការ​វៀតណាម vietnamplus.vn ចុះផ្សាយ​នៅ​យប់​ថ្ងៃ​ដដែល ។​

​យ៉ាងណាក៏ដោយ ទាក់ទង​នឹង​ព័ត៌មាន​គម្រោង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការបោះបង្គោល​ព្រំដែន​នេះ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ចេញ​លិខិត​ចំហ​មួយ អំពី​ការ​រំឭក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើ​គម្រោង​ចុះ​ហត្ថលេខា​នោះ និង​បាន​ចាត់ទុកថា នេះ​គឺជា​ការ​ចាញ់​ប្រៀប​វៀតណាម ។​

​ក្នុង​លិខិត​ចំហ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​រំឭក​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ​ព្រំដែន​ថ្មី​ណាមួយ​ជាមួយ​វៀតណាម និង​ត្រូវ​បញ្ឈប់​ការបោះបង្គោល​ព្រំដែន ដោយ​រង់ចាំ​កម្ពុជា​មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ​ជា​មុន​សិន​, មាន​ឯកភាព​នយោបាយ​, មាន​សង្គម​ស៊ីវិល និង​មាន​អ្នកជំនាញការ​ព្រំដែន​ខ្មែរ​ពី​គ្រប់ភាគី ចូលរួម​ប្រឹក្សា​យោបល់ និង​ពិនិត្យ​ឡើងវិញ​នូវ​ការបោះបង្គោល​ព្រំដែន​នា​ពេល​កន្លង​ទៅ ។​

​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បានប្រកាស​ប្រឆាំង​ជំទាស់​ដាច់ខាត ចំពោះ​គម្រោង​ការចុះហត្ថលេខា​រួមគ្នា ទទួលស្គាល់​លទ្ធផល​បោះបង្គោល​ព្រំដែន​បាន​៩៤% និង​បាន​ថ្លែងថា នៅតែ​មិន​អាច​ទទួល​ស្គាល់ «​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ​២០០៥» ដែល​នេះ ជា​មូលដ្ឋានគ្រឹះ​ធ្វើឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី ។​

​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើនេះ លោកអ្នក​នឹង​បាន​ស្តាប់​ការបកស្រាយ​បញ្ជាក់​ពី​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់ ដែល​រៀបចំ​ជូន​ដោយ ទេព កោសល្យ ដូចតទៅ...

សំឡេងបទសម្ភាសន៍ ៖

ព័ត៌មានផ្សេងទៀត