នាវា​និង​ឧទ្ធម្ភាគចក្រ​អ៊ីរ៉ង់​ជាច្រើន​គ្រឿង ឡោមព័ទ្ធ​នាវា​អង់គ្លេស​នៅ​ច្រក​សមុទ្រ​Hormuz

20-07-2019 11:50 am 1890

​លោក​Jeremy Hunt​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស បាន​អះអាងថា នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​មួយគ្រឿង​ឈ្មោះ​Stena Impero ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កប៉ាល់​អ៊ីរ៉ង់​៤​គ្រឿង​និង​ឧទ្ធម្ភាគចក្រ​១​គ្រឿង នៅ​ចំណុច​ច្រក​សមុទ្រ​Hormuz​។ អ៊ីរ៉ង់​បាន​លើកឡើងថា ការឃាត់​នាវា​របស់​អង់គ្លេស​មួយគ្រឿង​នោះ ដោយសារតែ​ផ្គើន​មិន​គោរព​ច្បាប់​ដែនសមុទ្រ​អន្តរជាតិ នៅពេល​ឆ្លងកាត់​ច្រក​សមុទ្រ​Hormuz​។ អ៊ីរ៉ង់​បាន​ចោទ​នាវា​នោះ​ថា មិន​ព្រម​បិទ​ប្រព័ន្ធ​GPS និង​មិន​អើពើ​ពី​ការព្រមាន​របស់​អ៊ីរ៉ង់​ជាដើម​។ បន្ទាប់ពី​ឃាត់ នាវា​ត្រូវបាន​គេ​នាំ​ទៅកាន់​កំពង់ផែ Bandar Abbas ដើម្បី​ស៊ើបអង្កេត​។ បើតាម​ប្រភពព័ត៌មាន​ពី​អ៊ីរ៉ង់ ឲ្យដឹងថា មនុស្ស​នៅលើ​នាវា​ចំនួន​២៣​នាក់ គឺមាន​សុវត្ថិភាព ពុំបាន​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​អ្វី​ឡើយ​។​

​លោក Hunt ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ឯទៀត បាន​កោះប្រជុំ​បន្ទាន់ ដើម្បី​ពិគ្រោះ​អំពី​ចំណាត់ការ​ឆ្លើយតប​របស់​ទីក្រុង​ឡុងដ៍​។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ លោក​Jeremy Hunt បាន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ដោះលែង​នាវា​និង​មនុស្ស​របស់​អង់គ្លេស​ឲ្យមាន​សេរីភាព​វិញ​។ បើ​មិន​ដូច្នេះ​ទេ នឹងមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​។ អ្នកនាំពាក្យ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​BBC​ថា រដ្ឋាភិបាល​អង់គ្លេស​មា​ន​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទង្វើ​ដែល​មិនអាច​ទទួលយកបានរ​បស់​អ៊ីរ៉ង់ ដោយ​និយាយថា វា​ជា​បញ្ហា​ប្រឈម ចំពោះ​សេរីភាព​នាវាចរណ៍​អន្តរជាតិ​។ ចន្លោះ​ពេលនេះ អង់គ្លេស​ក៏បាន​ណែនាំ​ឲ្យ​នាវាឬ​កប៉ាល់​អង់គ្លេស ផ្អាក​ការដឹកជញ្ជូន​តាម​ច្រក​សមុទ្រ​Hormuz​បណ្តោះអាសន្ន​សិន​។ នៅពេលនេះ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ទាក់ទង​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់ ដើម្បី​ដោះស្រាយ​ស្ថានការណ៍ ហើយ​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អន្តរជាតិ​។​

​ភាព​តានតឹង​រវាង​អង់គ្លេស​និង​អ៊ីរ៉ង់ បានចាប់ផ្តើម​កើនឡើង​នៅ​ដើមខែ​នេះ នៅពេលដែល​កងទ័ពជើងទឹក​អង់គ្លេស បាន​រឹបអូស​នាវា​របស់​អ៊ីរ៉ង់​មួយគ្រឿង​ឈ្មោះ Grace 1 ដែល​សង្ស័យថា បាន​រំលោភ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​។ ក្រោយមក អ៊ីរ៉ង់​បាន​ប៉ុនប៉ង​ហាមឃាត់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​វិញ ដែល​ធ្វើដំណើរ​កាត់​តាម​ច្រក​សមុទ្រ​Hormuz ប៉ុន្ដែ​បាន​បើកបរ​ចាកចេញ​វិញ បន្ទាប់ពី​ការព្រមាន​របស់​នាវា​អង់គ្លេស​។ ភ្លាមៗ​អង់គ្លេស​បាន​ជំរុញ​មិនឲ្យ​អ៊ីរ៉ង់​បង្កបញ្ហា​នៅក្នុង​តំបន់​នេះឡើយ​។ នៅ​ទីបំផុត នាវា​អង់គ្លេស​នៅតែ​គេច​មិន​ផុតពី​ក្រ​ញ៉ាំ​ដៃ​អ៊ីរ៉ង់​ដដែល​៕

 

ព័ត៌មានផ្សេងទៀត