កម្ពុជា​ចង់​នាំ​អង្ករ​ក្រអូប​«​ផ្កាម្លិះ​អង្គរ​»​ទៅ​ទីផ្សារ​ឥណ្ឌូនេស៊ី​

19-07-2019 8:32 pm 424

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ កាលពី​រសៀល​ថ្ងៃ​ទី​១៩ កក្កដា បាន​ថ្លែងថា កម្ពុជា​មាន​បំណង​ចង់​នាំចេញ​អង្ករ​ក្រអូប​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ...​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​មាន​បំណង​ចង់​នាំ​អង្ករ​ក្រអូប «​ផ្កាម្លិះ​អង្គរ​» ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ កាលពី​ឆ្នាំ​២០១៨ ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ចសហកា​រលើ​ឧស្សាហកម្ម​ផលិត​សម្ភារ និង​គ្រឿង​បង្គុំ​ទោចក្រយាន​នៅក្នុង​ប្រទេស នាំចេញ​ផលិតផល​សម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩ នៅ​រសៀល​ថ្ងៃ​ទី​១៩ កក្កដា លោក ប៉ាន សូរ​ស័ក្តិ បានបញ្ជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៨ សម្រេច​បាន​ទឹកប្រាក់ ៥៥៨,៦២​លាន​ដុល្លារ​អាមេរិក ក្នុងនោះ កម្ពុជា​នាំ​ចូល ៥២៥,៦​លាន​ដុល្លារ​អាមេរិក និង​នាំចេញ ៣៣​លាន​ដុល្លារ​អាមេរិក ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្រៅពីនេះ កម្ពុជា​-​ឥណ្ឌូនេស៊ី ក៏បាន​សម្រេច​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច តាមរយៈ​ការ​មិន​យកពន្ធ​ត្រួតគ្នា និង​ទប់ស្កាត់​អំពើ​បន្លំ​ពន្ធ​ប្រាក់ចំណូល ក៏ដូចជា​វិស័យ​ទេសចរណ៍ យើង​បាន​សម្រេច​បើក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ហ្សា​កាតា​-​ភ្នំពេញ ដែល​ភាគី​ទាំង​ពីរ​ទើបតែ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​កាលពី​ពេល​ថ្មីៗ​នេះ ។​

​គូសបញ្ជាក់ថា គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ សម្រេច​បាន​ទឹកប្រាក់ ១៩៦,២៦​លាន​ដុល្លារ​អាមេរិក កើនឡើង​១០,៤៨% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ឥណ្ឌូនេស៊ី កើនឡើង​៧,៧៥% និង​នាំចូល​កើន ៥៤,១៨% ។ 

​ដោយឡែក សម្រាប់​ឧស្សាហកម្ម​ទោចក្រយាន កម្ពុជា​បាន​នាំចូល​បំណែក និង​គ្រឿងបន្លាស់ ដូចជា លី​ប តួ ដៃ ចង្កៀង អំព្រី​យ៉ា ពី​ឥណ្ឌូនេស៊ី ចំនួន ៧,១៩ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៨ ៕

ព័ត៌មានផ្សេងទៀត