វិធានការ​ឃាត់ខ្លួន​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ហើយ​

19-07-2019 7:55 pm 342

​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃនេះ បានប្រកាស​វិធានការ​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ​ណា​ដែល​មិន​ពាក់មួក​សុវត្ថិភាព នៅ​ពេល​បើកបរ ។ លោក​ថា វិធានការ​នេះ អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៩ កក្កដា តទៅ ...

​ឆ្លើយតប​តាម​ការប្រកាស​ដាក់​វិធានការ​ថ្មី​របស់​លោក​រដ្ឋមន្ត្រី ស ខេង កាលពី​ពេល​ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃនេះ បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស ចាប់ផ្តើម​ចាត់​វិធានការ​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព​ដល់​អ្នក​ជិះ​ទោចក្រយានយន្ត និង​អ្នកបើកបរ​ត្រីចក្រយានយន្ត​គ្រប់រូប ។​

​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ថា វិធានការ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ទូទាំង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៩ កក្កដា ដោយ​ធ្វើ​ការឃាត់ទុក​ម្ចាស់​យានយន្ត ហើយ​តម្រូវ​ឱ្យ​ពួកគេ​រក​មួកសុវត្ថិភាព​មក​ពាក់ រួច​ទើប​អនុញ្ញាត​ឱ្យ​បន្តដំណើរ​ទៅមុខ ដោយ​មិន​រង​ការពិន័យ​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ ។​

​លោក​ឧត្តមសេនីយ៍​បន្ត​ថា វិធានការ​នេះ ជា​ការឆ្លើយតប​ទៅនឹង​កំណើន​ជនរងគ្រោះ ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​មាន​រហូត​ដល់​ទៅ​៧៦% ជា​អ្នក​ជិះ​ម៉ូតូ ក្នុងនោះ មាន​៧៩% មិន​ពាក់​មួកសុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់ ហើយ​ត្រូវ​រង​ការប៉ះទង្គិច​ក្បាល ។​

​គូសបញ្ជាក់ថា វិធានការ​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ​ដែល​គ្មាន​ពាក់មួក​សុវត្ថិភាព​នេះ ត្រូវបាន​ប្រកាស​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់ ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង កាលពី​ថ្ងៃ​ទី​១៣ កក្កដា ចេញ​ពី​ទឹកដី​ខេត្ត​ព្រៃវែង ។​

​បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឱ្យដឹងថា អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង ខណៈ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ជាង​១០០​ករណី បើ​ធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨ ៕

ព័ត៌មានផ្សេងទៀត