បើ​ចង់​ទិញ​​រថយន្ដ​​ទំនើបៗ​​នៅពេល​អនាគត​​អ្នក​គួរ​ដឹង​ពី​អ្វីខ្លះ​?

19-07-2019 4:59 pm 324
រូបភាព​រថយន្ដបំពាក់បច្ចេកវិទ្យា​ទំនើបៗជំនាន់ថ្មី

​បច្ចុប្បន្ន​បច្ចេកវិទ្យា​រីកចម្រើន​កាន់តែខ្លាំង ធ្វើឲ្យ​របស់របរ​ប្រើប្រាស់​កាន់តែ​វៃឆ្លាត និង​បំពាក់​ដោយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ដែរ ជាក់ស្ដែង​ដូចជា​ទូរស័ព្ទដៃ ម៉ូតូ និង​រថយន្ដ​ជាដើម​។ មិនជា​ពិបាក​ប៉ុន្មាន​ទេ​ករណី​អ្នក​ចង់​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​ជាង​មុន អ្នក​ចាំបាច់​ត្រូវ​ដឹង​ពី​សមត្ថភាព​របស់​វា ដូចជា​កម្រិត​ម៉ាស៊ីន ការធ្វើ​ប្រតិ​បត្ដិកា​រ ឬ​លក្ខណៈ​ខាងក្រៅ​មាន​ទំហំ​អេក្រង់​ជាដើម ដែល​វា​ងាយស្រួល​ជាង​ការទិញ​រថយន្ដ​ទំនើបៗ​។ 

​ប្រសិនបើ​អ្នក​ចង់​ទិញ​រថយន្ដ​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​ចំណុច​មួយចំនួន​នៃ​រថយន្ដ​ទាំង​នោះដែរ​។ តើ​អ្នក​បានដឹង​ហើយ​ឬ​នៅ​? បើ​មិនទាន់​ដឹង​ទេ​សូម​ស្វែងយល់​ពី​ចំណុច​ទាំងអស់នេះ​ជាមួយគ្នា​៖

១ អ្នក​ត្រូវតែ​ស្វែងយល់​ពី​ឧបករណ៍ប្រើប្រាស់​សម្រាប់​ការកម្សាន្ដ​នៅក្នុង​រថយន្ដ ក៏ដូចជា​បច្ចេកវិទ្យា​ប្រើប្រាស់​សម្រាប់​ចង្អុលបង្ហាញ​ផ្លូវ​ជាដើម ថា​វា​មានគុណ​ភាពល្អ​កម្រិតណា​។ 

២ អ្នក​ត្រូវ​ដឹង​ពី​សមត្ថភាព​នៃ​ការបើកបរ​ដោយ​ស្វ័យប្រវត្ដិ នៃ​រថយន្ដ​ដែល​អ្នក​គិតថា​សាក​សម​សម្រាប់​ខ្លួនឯង​។ ឧទាហរណ៍​ថា​ប្រសិនបើ​អ្នកទិញ​រថយន្ដ​ដែល​អាច​បើកបរ​ដោយ​ស្វ័យប្រវត្ដិ វា​ក៏​អាចជួយ​សម្រួល​ដល់​អ្នក​ម្យ៉ាង​ដែរ​។​

៣ អ្វីដែល​អ្នក​គួរ​គិត​ដែល​មិនអាច​ភ្លេច​បាន គឺ​សុវត្ថិភាព​ជា​ចម្បង​។ បច្ចុប្បន្ននេះ​រថយន្ដរ​បស់​ក្រុមហ៊ុន​ជាច្រើន សុទ្ធតែ​អភិវឌ្ឍ​ឡើង​ជាមួយ​បច្ចេកវិទ្យា​ការពារ​សុវត្ថិភាព​កម្រិត​ខ្ពស់ ដើម្បី​ការពារ​អាយុជីវិត​អ្នកប្រើប្រាស់​។ ឧទាហរណ៍​ដូចជា​មាន​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់ ប្រព័ន្ធ​បញ្ជា​ពេល​ជួប​គ្រោះថ្នាក់​-​ល​- ដែល​ទាំងអស់នេះ​អាចឲ្យ​អ្នកប្រើប្រាស់​រថយន្ដ​មានសុវត្ថិភា​ពជាង​មុន​។​

៤ រថយន្ដ​ដែលមាន​បំពាក់​បច្ចេកវិទ្យា​អាច​ទំនាក់ទំនង​គ្នា​បាន​។ ត្រង់ចំណុច​នេះ​បានន័យថា​ជា​រថយន្ដ​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត អាចឲ្យ​វា​ផ្ដល់​សញ្ញា​ឲ្យ​គ្នា​ទៅវិញទៅមក ចៀសវាង​មាន​គ្រោះថ្នាក់​កើតឡើង​។ ឧទាហរណ៍​ថា​នៅពេល​មាន​រថយន្ដ​មួយ​គ្រោះថ្នាក់​នៅខាងមុខ ឬ​មាន​ការកកស្ទះ​ចរាចរណ៍​នៅខាងមុខ រថយន្ដ​ដែល​កំពុង​ជួប​ហេតុការណ៍​អាច​អាច​ផ្ដល់ព័ត៌មាន​ដល់​រថយន្ដ​របស់​អ្នក ដើម្បី​អាចឲ្យ​អ្នកវាង​ទៅផ្លូវ​ផ្សេងបាន​។ ប៉ុន្ដែ​បច្ចុប្បន្ន​នៅ​ពុំទាន់​មាន​ក្រុមហ៊ុន​ណា អាច​ផលិត​រថយន្ដ​បំពាក់​បច្ចេកវិទ្យា​នេះ​បានទេ​។​

៥ អ្នក​ត្រូវ​ដឹង​ពី​ការប្រើប្រាស់​ប្រេងឥន្ធនៈ​និង​ការបញ្ចេញ​ឧស្ម័ន ព្រោះ​បច្ចុប្បន្ន​ពិភពលោក​កំពុង​ចង់​កាត់បន្ថយ​ការ​បំពុលបរិយាកាស ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។​

៦ ត្រូវ​ស្វែងយល់​ពី​ប្រព័ន្ធ​សាក​ភ្លើង​ដោយ​ឥត​ខ្សែ ថា​តើ​រថយន្ដ​ស៊េរី​ថ្មី​មាន​បំពាក់​បច្ចេកវិទ្យា​នេះ​ឬ​អត់​។ អ្នក​មិនគួរ​ចំណាយពេល​ក្នុង​ការប្រើ​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ​នៅក្នុង​រថយន្ដ​ទៀត​ទេ គួរតែ​ជ្រើសរើស​រថយន្ដ​ដែលមាន​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​ឥត​ខ្សែរ​ទើប​ជា​ការល្អ ព្រោះ​ទូរស័ព្ទ​ជំនាន់​ថ្មី​នឹង​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​។ បើតាម​ការស្រាវជ្រាវ​នៅ​ឆ្នាំ​២០២០ រថយន្ដ​៥០​លាន​គ្រឿង​នឹងមាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ទូរស័ព្ទ​ដោយ​ឥត​ខ្សែរ​(wireless charging) ដូច្នេះ​អ្នក​គួរតែ​ជ្រើសរើស​រថយន្ដ​ប្រភេទ​នេះ​កាន់តែ​ល្អ​៕

 ពាក្យគន្លឹះ  បច្ចេកវិទ្យារថយន្ដ

ព័ត៌មានផ្សេងទៀត