រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​​ផ្ដល់​អនុសាសន៍​បួន​ចំណុច​​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​​

19-07-2019 2:55 pm 299

នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៨​ខែកក្កដា លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានផ្តល់​អនុសាសន៍​ណែនាំ​សម្រាប់​អនុវត្ដ​ទិសដៅ​បន្ត​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩ ក្នុងន័យ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ក៏ដូចជា​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ អនុសាសន៍​ណែនាំ​ទាំងនោះ​មានដូចជា​៖

១-​នាយកដ្ឋាន​រដ្ឋបាល​និង​កិច្ចការ​ទូទៅ ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្ត​ថ្នាក់ដឹកនាំ សួនច្បារ អនាម័យ បន្ទប់​ទឹកស្អាត និង​បរិស្ថាន​ស្អាត​នៅក្នុង​បរិវេន និង​អគារ​ទីស្តីការ​ក្រសួងទេសចរណ៍​អោយ​បានល្អ​។ ទន្ទឹមនឹងនេះ ត្រូវ​ពង្រឹង​ការងាររដ្ឋបាល ការងារ​បូកសរុប ការងារ​ពិធីការ ការងារ​តម្កល់​ឯកសារ និង​បន្ត​កិច្ចសហការ​ជាមួយ​អង្គភាព​នានា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​របស់​ក្រសួង​។​

២-​នាយកដ្ឋាន​គណនេយ្យ និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​ពង្រឹង​ការងារ​គ្រប់គ្រង​ចំណូល​-​ចំណាយ និង​ការអនុវត្ត​ថវិកា​កម្មវិធី​របស់​ក្រសួង​អោយ​បានល្អ ពិសេស​យកចិត្តទុកដាក់​លើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង​គម្រោង​ថវិកា​របស់​ក្រសួង​សម្រាប់​ឆ្នាំ​២០២០ ដែល​នឹងត្រូវ​ឡើង​ការពារ​កម្រិត​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​នាពេលខាងមុខ ហើយ​គម្រោង​ថវិកា​នេះ​ត្រូវ​ពិនិត្យ និង​ដាក់​ឆ្លង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ជាមុនសិន​។​

៣-​នាយកដ្ឋាន​សន្តិសុខ និង​សុវត្ថិភាព​ទេសចរ​ត្រូវ​ជំរុញ​បញ្ចប់ និង​ដាក់​ឆ្លង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​សន្តិសុខ​និង​សុវត្ថិភាព​ទេសចរណ៍ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​ឆ្នាំ​២០១៩-២០២៣​។ ការធ្វើ​សៀវភៅ​ស្តីពី “​សន្តិសុខ​សុវត្ថិភាព​ល្អ ទេសចរណ៍​មាន​ភាពកក់ក្តៅ​” និង​ការធ្វើ​គោលការណ៍​ណែនាំ​ស្តីពី​សន្តិសុខ សុវត្ថិភាព​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ។​

៤-​នាយកដ្ឋាន​ធនធានមនុស្ស​ត្រូវ​បន្ត​ពង្រឹង​ការងារ​គ្រប់គ្រង និង​បង្កើន​សមត្ថភាព​មន្ត្រីរាជកា​រ ទាំង​នៅ​ថ្នាក់កណ្តាល និង​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ពិសេស​ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​បណ្តុះបណ្តាល និង​នាយកដ្ឋាន​ជំនាញ ដើម្បី​រៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​មន្ត្រីរាជការ​អោយ​បាន​ជាក់លាក់ និង​ចំ​ជំនាញ​ពិតប្រាកដ​។ ជាងនេះទៅទៀត នាយកដ្ឋាន​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ឆ្ពោះទៅ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​សមត្ថភាព​មន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ៕

 

ព័ត៌មានផ្សេងទៀត