សញ្ញា​ព្រមាន!មួយខែ​មុន​គាំងបេះដូង

19-07-2019 12:46 pm 703

​ជំងឺ​មួយចំនួន​មុននឹង​ឈានដល់​ចំណុច​ធ្ងន់ធ្ងរ រាងកាយ​តែងតែ​ផ្តល់​សញ្ញា ឲ្យ​អ្នកដឹង​ជាមុន ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​ចាប់អារម្មណ៍​។ ការយល់ដឹង​ពី​សុខភាព​បន្តិចបន្តួច អាច​ជួយសង្គ្រោះ​អ្នក​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ ដល់​អាយុជីវិត​បាន​។ ខាងក្រោម​នេះ ជា​សញ្ញា​មួយចំនួន ដែល​បង្ហាញ​ឲ្យ​អ្នកដឹង​មុនពេល ឈានដល់​ការ​គាំងបេះដូង ៖

​អស់កម្លាំង ៖ ការ​អស់កម្លាំង​មិន​ធម្មតា គឺជា​រោគសញ្ញា​សំខាន់​មួយ ដែល​បង្ហាញ​ពី​ការ គាំងបេះដូង​ដែល​ជិត​មកដល់​។ ស្ត្រី​ទំនងជា​អាច​ជួបប្រទះ​រោគសញ្ញា​នេះ​ច្រើនជាង​បុរស​។​

ឈឺ​ពោះ ៖ ការឈឺចាប់​ពោះ​, ក្អួត ចុក ឆ្អល់​ពេល​ពោះ​ទរ​ទេ​, មាន​អារម្មណ៍​ហើម​ពោះ​, ជា​រោគសញ្ញា​ទូទៅ​ច្រើន​បំផុត​។ រោគសញ្ញា​នេះ កើតឡើង​ស្មើគ្នា​ចំពោះ​បុរស​និង​ស្ត្រី​។​

​គេង​មិន​លក់ ៖ ការ​គេង​មិន​លក់ ក៏​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង នូវ​ហានិភ័យ នៃ​ការ​គាំងបេះដូង ហើយ​ជាទូទៅ​កើតឡើង​ចំពោះ​ស្ត្រី​។​

​ជ្រុះ​សក់ ៖ ការ​ជ្រុះ​សក់​ត្រូវបាន​គេ​ចាត់ទុកថា គ្រាន់តែ​ជា​ការចង្អុលបង្ហាញ​មួយទៀត នៃ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ភាគច្រើន​បញ្ហា​នេះ កើត​ចំពោះ​បុរស​ច្រើនជាង​ស្ត្រី​។​

​ញើស​ច្រើន​ខុស​ធម្មតា ៖ ការ​បែកញើស​មិនធម្មតា​ឬ​ហួសប្រមាណ គឺជា​សញ្ញា​ព្រមាន​ដំបូង​នៃ​ការ​គាំងបេះដូង ហើយ​វា​អាច​កើតឡើង​នៅ​គ្រប់ពេល មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​នោះទេ​។ រោគសញ្ញា​នេះ ប៉ះពាល់​លើ​ស្ត្រី​កាន់តែ​ញឹកញាប់​។ ជារឿយៗ​រោគសញ្ញា​នេះ ត្រូវបាន​គេ​យល់ច្រឡំ ជាមួយនឹង​ការ​បែកញើស​ដោយសារតែ​ការ​រាំង​រដូវ​។​

​ឈឺ​ទ្រូង ៖ បុរស​និង​ស្ត្រី​មានការ​ឈឺទ្រូង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​។ ចំពោះ​បុរស រោគសញ្ញា​នេះ សំដៅ​ទៅលើ​សញ្ញា​ដំបូង នៃ​ការ​គាំងបេះដូង ដែល​មិនគួរ​ព្រងើយកន្តើយ​។ ផ្ទុយទៅវិញ រោគសញ្ញា​នេះ ប៉ះពាល់​ដល់​ស្ត្រី​តែ ៣០​ភាគរយ​ប៉ុណ្ណោះ​។ 

​ក្រៅពីនោះ បញ្ហា​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី និង​ការ ដកដង្ហើម​បាន​ខ្លីៗ ក៏​ស្ថិតនៅក្នុង​សញ្ញា​ព្រមាន​ទាំង​នេះដែរ​។ សញ្ញា​ទាំងនេះ អាច​កើតឡើង​មួយខែ មុន​គាំងបេះដូង​ឬក៏​លឿន​ជាង​នេះ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត