វៀតណាម​គាំទ្រ​កម្ពុជា​ដែល​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​

19-07-2019 11:42 am 202

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បាន​ប្រាប់ ប្រមុខ​ការទូត​កម្ពុជា​ថា វៀតណាម​គាំទ្រ​កម្ពុជា ដែល​បាន​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់ ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដោយ​សភាព​ជាន់​ទាប​របស់​សហរដ្ឋអាមេរិក​។

​ក្នុងជំនួប​សម្តែង​ការគួរសម ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បានបញ្ជាក់​ថា វៀតណាម​បន្ត​តាមដាន​ការវិវត្ត​ផ្សេងៗ​នៅ​កម្ពុជា ក៏ដូចជា​តាមដាន​រឿង​ពី​សហរដ្ឋអាមេរិក និង EU ផងដែរ​។ ជាពិសេស​ក្រោយ​ពី​សភា​តំណាងរាស្ត្រ​អាមេរិក បានអនុម័ត Cambodian Democracy Act (​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​) គឺ​វៀតណាម​បាន​សម្តែង ការគាំទ្រ​ចំពោះ​ការ​ប្រតិកម្ម​តប​របស់​កម្ពុជា ជាការ​ប្រតិកម្ម​មួយ​យ៉ាង​សមស្រប​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី លោក កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស ប្រាប់​ដល់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ច​ជំនួប​នេះ​។​

​ច្បាប់​ស្តីពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ត្រូវបាន​សភាតំណាងរាស្ត្រ សហរដ្ឋអាមេរិក​អនុម័ត​ជា​ឯកច្ឆ័ន្ទ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។ ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​សភា​តំណាងរាស្ត្រ​អាមេរិក បាន​លើ​ហេតុផល​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​មាន​ការធ្លាក់ចុះ​។​

​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចាត់ទុក​ការអនុម័ត​ច្បាប់ ស្តីពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​សំណាក់​សមាជិក​សភា​អាមេរិក គឺជា​រឿង​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​សោកស្តាយ​។ លោក​បាន​ចាត់ទុកថា ការសម្រេច​នេះ​ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​កម្ពុជា​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បាន​ចាត់ទុកថា ការអនុម័ត​ច្បាប់​នេះ បង្ហាញឱ្យឃើញ​ពី​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ​។​

​ដោយឡែក រដ្ឋាភិបាល តាមរយៈ​ក្រសួងការបរទេស និង​រដ្ឋ​សភា​កម្ពុជា ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការខកចិត្ត និង​បដិសេធ​ដាច់អហង្ការ នូវ​ការចោទប្រកាន់​ទាំងឡាយណា មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត