អាមេរិក​បាញ់​​ទម្លាក់​​យន្ដហោះ​​គ្មាន​មនុស្ស​បើក​​របស់​អ៊ីរ៉ង់​​មួយគ្រឿង​

19-07-2019 11:03 am 2154

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាវា​USS Boxer​ជា​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​នៃ​កងទ័ពជើងទឹក​អាមេរិក បាន​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​មួយគ្រឿង នៅពេល​យន្ដហោះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជិត​១​ពាន់​ម៉ែត្រ​ពី​នាវា​។ ហេតុការណ៍​នេះ​កើតឡើង​ស្របពេល​អាមេរិក​និង​អ៊ីរ៉ង់​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា ហើយក៏​ធ្វើឲ្យមាន​ក្ដីព្រួយបារម្ភ​កាន់តែខ្លាំ​ង ខ្លាច​ប្រទេស​ទាំងពីរ​ឈានដល់​ការផ្ទុះអាវុធ​។​

​ថ្លែង​ពី​សេត​វិមាន​លោក​ដូណាល់ ត្រាំ​បានឲ្យដឹងថា យន្ដហោះ​គ្មាន​មនុស្ស​បើក​នោះបាន​គំរាមកំហែង​ដល់​សុវត្ថិភាព​នាវា​និង​បុគ្គលិក​យោធា​នៅលើ​នាវា ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ច្រក​សមុទ្រ​Hormuz ហើយដោយ​មិន​ស្ដាប់​ការព្រមាន​របស់​អាមេរិក ទើប​កងកម្លាំង​អាមេរិក​សម្រេច​បាញ់​ទម្លាក់​តែម្ដង​។ លោក​ត្រាំ​បន្ថែមថា នេះ​គឺជា​សកម្មភាព​បង្កហេតុ​ជាថ្មី​របស់​អ៊ីរ៉ង់ ដែល​កំពុង​ប្រតិ​ប​ត្ដិ​នៅ​ដែនទឹក​អន្ដរជាតិ​។ សហរដ្ឋអាមេរិក​សូម​រក្សា​សិទ្ធិ​ក្នុង​ការការពារ​បុគ្គលិក​និង​ការពារ​ផលប្រយោជន៍ និង​សូម​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ថ្កោលទោស​ការប៉ុនប៉ង​របស់​អ៊ីរ៉ង់ ដើម្បី​រំខាន​ដល់​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ពិភពលោក​។ លោក​ត្រាំ​ង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេ​សនានា ត្រូវការពារ​នាវា​ផ្ទាល់ខ្លួន​។​

​បើតាម​មន្ដ្រី​ការពារជាតិ​អាមេរិក​ម្នាក់​និយាយថា យន្ដហោះ​គ្មាន​មនុស្ស​បើក​នោះ​ត្រូវបាន​បំផ្លាញ​ដោយ​គ្រឿង​អេឡិចត្រូនិច​។ នាវិក​នៅលើ​នាវា​USS Boxer​បាន​ចាត់វិធានការ​ការពារ បន្ទាប់ពី​យន្ដហោះ​គ្មាន​មនុស្ស​បើ​កបាន​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ ដែល​គំរាមកំហែង​ដល់​នាវា​អាមេរិក​។ ដោយឡែក​សម្រាប់​ភាគី​អ៊ីរ៉ង់​តាមរយៈ​រដ្ឋមន្ដ្រីការបរទេស បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​អ៊ីរ៉ង់​មិន​បានទទួល​ព័ត៌មាន​ពី​ការបាត់បង់​យន្ដហោះ​គ្មាន​មនុស្ស​បើក​ទេ​។ 

​គួររម្លឹកថា កាលពី​ខែមិថុនា​អ៊ីរ៉ង់​ក៏បាន​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​មួយ​គ្រឿង​ដែរ ដែល​អ៊ីរ៉ង់​ចោទថា​បាន​ហោះ​រំលោភ​ដែនអាកាស​របស់ខ្លួន​។ ប៉ុន្ដែ​អាមេរិក​ថា​កាលនោះ​យន្ដហោះ​របស់ខ្លួន​ហោះ​ក្នុង​ដែនទឹក​អន្ដរជាតិ​ប៉ុណ្ណោះ មិន​ដូច​អ្វីដែល​អ៊ីរ៉ង់​ចោទប្រកាន់​ឡើយ​។ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​អ៊ីរ៉ង់​តានតឹង​ឡើងវិញ ចាប់តាំងពី​អាមេរិក​បានប្រកាស​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​។ កិច្ចព្រមព្រៀង​នោះ​ចុះ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ទប់ស្កាត់​កុំឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែ​រ​។ ប៉ុន្ដែ​អាមេរិក​ថា​អ៊ីរ៉ង់​មិន​ប្រតិ​ប​ត្ដិ​តាម ដូច្នេះ​ក៏​សម្រេច​ដកខ្លួន​ចេញ និង​ទើបបាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ឡើងវិញ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត