មួយថ្ងៃបន្ទាប់ពីអាមេរិកសម្រេចចិត្ដនឹងដកតួកគីចេញពីកម្មវិធីយន្ដហោះចម្បាំងF-35 ជាកម្មវិធីមួយដឹកនាំដោយអាមេរិកផ្ទាល់ តួកគីកាលពីថ្ងៃទី១៨កក្កដាបានលើកឡើងថា អាមេរិកធ្វើដូច្នេះគឺប្រឆាំងនឹងស្មារតីសម្ព័ន្ធមិត្ដហើយ។ រដ្ឋាភិបាលតួកគីក៏ប្រកាសឲ្យប្រទេសសមាជិកណាតូទាំងអស់ បដិសេធការសម្រេចចិត្ដរបស់សហរដ្ឋអាមេរិក។
ការខ្វែងគំនិតជាមួយប្រទេសសម្ព័ន្ធដ៏យូរអង្វែងមួយនេះ កើតឡើងក្រោយពេលរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានព្រមាននិងទុកពេលឲ្យតួកគីយូរគួរសម ដើម្បីលុបចោលផែនការទិញប្រព័ន្ធការពារមីស៊ីលS-400ពីរុស្ស៊ី ប៉ុន្ដែតួកគីមិនបានធ្វើតាមការស្នើសុំរបស់អាមេរិកទេ។ មិនតែប៉ុណ្ណោះតួកគីបានទាំងទទួលសម្ភារសម្រាប់ដំឡើងប្រព័ន្ធការពារមីស៊ីល ដែលដឹកទៅដល់តួកគីជាលើកដំបូងកាលពីសប្ដាហ៍មុនទៀត ជាហេតុធ្វើឲ្យអាមេរិកខឹងកាន់តែខ្លាំង។
ដូចបានអះអាងហើយថាប្រព័ន្ធការពារមីស៊ីលS-400 មិនត្រូវគ្នានឹងយន្ដហោះចម្បាំងអាមេរិកF-35 ទើបអាមេរិកសម្រេចត្រូវតែដកតួកគីចេញពីកម្មវិធីយន្ដហោះចម្បាំងនេះ។ អាមេរិកចាត់ទុកប្រព័ន្ធការពារមីស៊ីលS-400 ជាឧបករណ៍ជំនួយដល់ការស៊ើបការណ៍របស់រុស្ស៊ី អាចលួចយកទិន្នន័យនៃយន្ដហោះចម្បាំងF-35។ អ៊ីចឹងទេដាច់ខាតត្រូវតែដកតួកគីចេញឲ្យខានតែបាន កុំឲ្យប៉ះពាល់ដល់កម្មវិធីយន្ដហោះចម្បាំងដ៏ទំនើបបំផុតក្នុងលោករបស់អាមេរិក។
ប៉ុន្ដែសម្រាប់តួកគីចាត់ទុកទង្វើនេះជារឿងមិនយុត្ដិធម៌ ហើយក៏ចេញសេចក្ដីថ្លែការណ៍មួយទាត់ចោលភ្លាមៗ។ ក្រសួងការបរទេសតួកគីបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា ជំហានធ្វើឡើងជាឯកតោភាគីដូច្នេះ មិនគោរពទៅតាមស្មារតីសម្ព័ន្ធភាពឡើយ ហើយក៏គ្មានឈរលើមូលដ្ឋានស្របច្បាប់ណាមួយដែរ។ វាមិនត្រឹមតែជារឿងអយុត្ដិធម៌សម្រាប់តួកគី ហើយការដែលអាមេរិកអះអាងថាប្រព័ន្ធការពារមីស៊ីលS-400 អាធ្វើឲ្យចុះខ្សោយសមត្ថភាពយន្ដហោះF-35 ក៏ជារឿងមិនសមហេតុផលទៀត។ តួកគីសូមអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យត្រឡប់មកដើរផ្លូវត្រូវវិញ កុំបង្កកំហុសតទៅទៀតព្រោះនឹងបំផ្លាញដល់យុទ្ធសាស្ដ្រទំនាក់ទំនងប្រទេសទាំងពីរ៕