ក្រសួង​អំពាវនាវ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​

18-07-2019 7:22 pm 428

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ កក្កដា បាន​អំពាវនាវ​ទៅដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម ។ លោកស្រី​បាន​ឱ្យដឹងថា តាម​តួលេខ ស្ថានភាព​ជំងឺ​គ្រុនឈាម​ក្នុង​ឆ្នាំ​២០១៩ បាន​កើនឡើង​៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ...

​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​សុខាភិបាល​ទាំងអស់ សហការ​គ្នា​អនុវត្ត​វិធានការ​លុបបំបាត់​ជម្រក​មូស​ខ្លា ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​

​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ស្តីពី​វិធាន​ការប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​១៨ កក្កដា លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បញ្ជាក់ថា ក្រសួង​បាន​យកចិត្តទុកដាក់​ខ្ពស់ ពិសេស​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​ចង្អុលបង្ហាញ​ដល់​គ្រប់​ខេត្ត​-​រាជធានី ឱ្យ​អនុវត្ត​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ចាប់ពី​ដើម​ខែ​ឧសភា​រហូត​មក ។​

​លោកស្រី​វេជ្ជបណ្ឌិត​ថ្លែងថា ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា ក្នុង​ឆ្នាំ​២០១៩ មាន​អ្នក​ជំងឺគ្រុនឈាម​សរុប​ចំនួន ២១.១៣០ ករណី និង​ស្លាប់​ចំនួន ២៥​នាក់ ក្នុងនោះ អត្រា​ស្លាប់មាន​ចំនួន ០,១២% ។ តួលេខ​នេះ បាន​កើនឡើង​ប្រហែល​៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៨ អ្នកជំងឺ​មានតែ ៣.៩២៦​ករណី និង​ស្លាប់​៧​នាក់ ។​

​យ៉ាងណាក៏ដោយ លោកស្រី​បញ្ជាក់​បន្តថា បើទោះបីជា​តួលេខ​ជំងឺ​មាន​ការកើនឡើង​ពិតមែន តែ​ស្ថានភាព​ជំងឺ​នេះ មិនមែន​កើតឡើង​គ្របដណ្តប់​ទូទាំង​ប្រទេស​ទេ គឺ​កើត​មាន​រាយប៉ាយ​ដុំៗ តាម​មួយ​ភូមិ ឬ​ពីរ​ភូមិ នៃ​ភូមិសាស្ត្រ​ឃុំ​-​សង្កាត់​នីមួយៗ ប៉ុណ្ណោះ ។ 

​បើតាម​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ជំងឺគ្រុនឈាម​កើត​លើ​មនុស្ស​គ្រប់​ភេទ​និង​គ្រប់​វ័យ ហើយ​ក្រុម​អាយុ​ចាប់ពី​៥-១៤​ឆ្នាំ ជា​មុខសញ្ញា​ឈឺ​ច្រើនជាងគេ ចំណែក​អត្រា​ស្លាប់​ខ្ពស់ គឺ​កើត​លើ​ក្រុម​អាយុ​ក្មេង​តិចជាង​៥​ឆ្នាំ ៕

ព័ត៌មានផ្សេងទៀត