រយៈពេល​៥​ឆ្នាំ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ជាង ៨​ពាន់​ករណី​ត្រូវបាន​បង្ក្រាប​

18-07-2019 5:48 pm 183

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​«​វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​» ដោយ​បាន​អញ្ជើញ​តំណាង​មកពី​ខាង​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កងរាជអាវុធហត្ថ និង​តំណាង​មកពី​ក្រសួង​កសិក​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចូលរួម​ឆ្លើយបំភ្លឺ​រាល់​បញ្ហា​ដែល​ទាក់ទង​នឹង​ព្រៃឈើ ក៏​ដូច​ជា​បទល្មើស​ធន​ធាន​ធម្មជាតិ​ផ្សេងៗ​ផងដែរ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃនេះ​ដែរ លោក​សួន សុវណ្ណ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នៃ​រដ្ឋបាល​ព្រៃឈើ បាន​លើកឡើង​ថា រយៈពេល ៥​ឆ្នាំ រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ចំនួន ៨,៦០០​ករណី ដោយ​ក្នុង​នោះ​ពិន័យ​អន្ត​ការណ៍​ចំនួន​២,៨៨៤​ករណី​និង​បញ្ជូនទៅ​តុលាការ​ចំនួន ៥,៧១៦​ករណី​...

​សំឡេង​លោក​សួន សុវណ្ណ​៖

​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​នេះ​ដែរ​លោក​អេង ហ៊ី ដែល​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​លើកឡើង​ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ បាន​រឹបអូស​ឡាន​ដឹកឈើ​ជាង​៤០​គ្រឿង និង​ជនល្មើស​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន បញ្ជួនទៅ​តុលាការ​។​

​លោក​អេង ហ៊ី បាន​បន្ថែមថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​មាន ៤​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១ បង្ក្រាប​បាន​ជាង ៧​ម៉ឺន​ម៉ែត្រគូប ដំណាក់កាល​ទី ២​បង្ក្រាប​បាន​ជាង ៣​ម៉ឺន​ម៉ែត្រគូប និង​ទី ៣​ជាង ៤​ពាន់​ម៉ែត្រគូប​។​លោក​បន្តថា រាល់​ឈើ​ដែល​បង្ក្រាប​បាន​ត្រូវ​បាន​យកទៅ​ដាក់​ដេញថ្លៃ និង​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ និង​យក​ថវិកា​ដែល​ដេញថ្លៃ​បាន​នោះ ទៅ​បម្រើ​នៅក្នុង​វិស័យ​អប់រំ ។​

​សូម​បញ្ជាក់​ដែរ​ថា បើ​យោង​តាម​ច្បាប់​ស្តីពី​ព្រៃឈើ​មាត្រា​៩៣ បានឲ្យដឹងថា រូបវ័ន្ត​បុគ្គល ឬ​នីតិបុគ្គល​ដែល​ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ដូចតទៅ​៖

១.​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំទៅ​១០​ឆ្នាំ ។​ត្រូវ​រឹបអូស​វត្ថុតាង​ទាំងអស់​មក​ជា​របស់​រដ្ឋ​

២.​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​២ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​១០០​លាន​រៀល វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​មក​ជា​របស់​រដ្ឋ​

៣.​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ៣​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​១០​លាន​រៀល ។​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​មក​ជា​របស់​រដ្ឋ​៕

 

 ពាក្យគន្លឹះ  ព្រៃឈើ

ព័ត៌មានផ្សេងទៀត