លោក​ស ខេង​៖​ការខ្លាច​ប៉ូលិស ជាង​ខ្លាច​ច្បាប់ ជាហេតុបង្ក​គ្រោះថ្នាក់​ចរាចរណ៍​

18-07-2019 4:33 pm 327

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែងថា ប្រជាពលរដ្ឋ​មួយចំនួន នៅ​តែ​ខ្លាច​នគរបាល ជាង​ខ្លាច​ច្បាប់ ទើប​បង្ក​គ្រោះថ្នាក់​ដោយសារ មិន​គោរព​ច្បាប់​ចរាចរណ៍​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា លោក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍ថា តាម​ការសិក្សា​ស្រាវជ្រាវ បាន​រកឃើញ​មូលហេតុ​សំខាន់ៗ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងនោះ កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​, កង្វះ​ការគ្រប់គ្រង​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ នាំ​ឲ្យ​ចរាចរណ៍​ងាយ​ប្រឈម​នឹង​ការកកស្ទះ និង​មាន​គ្រោះថ្នាក់​, ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ វ៉ា​ជែង​ប្រថុយប្រថាន បត់​មិន​ប្រុងប្រយ័ត្ន ស្រវឹង និង​ងងុយ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា អ្វី​ដែល​ពិសេស​នោះ​គឺ ស្មារតី​គោរព​ច្បាប់ របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត​។ ប្រជាពលរដ្ឋ នៅ​តែ​ខ្លាច​នគរបាល ជាង​ខ្លាច​ច្បាប់ ដែល​ជាហេតុ​នាំឲ្យ​កើត​មាន​គ្រោះថ្នាក់​។ យ៉ាងណាមិញ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​កកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា រាជរដ្ឋាភិបាល បាន​ជំរុញ​ការជួសជុល​ពង្រីក​ផ្លូវ​ដែល​មាន​ស្រាប់ ការកសាង​ផ្លូវ​ល្បឿន​លឿន ការអភិវឌ្ឍ​ផ្លូវដែក ផ្លូវទឹក ជាដើម ដើម្បី​ការរក្សា​សុវត្ថិភាព ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ បាន​កើនឡើង​ចំនួន ៥២៨ លើក ស្មើ​៣៣% ចំនួន​អ្នក​ស្លាប់​កើនឡើង​១០៣​នាក់ ស្នើ​១១% និង​អ្នករបួស​កើនឡើង ចំនួន​៨២៥​នាក់​ស្មើ​៣៤%៕

ព័ត៌មានផ្សេងទៀត