​លោក​ស ខេង​​៖ ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​​ដល់ពេល​ត្រូវ​ប្រកាសអាសន្ន​ហើយ​​

18-07-2019 4:19 pm 1098
  ស្តាប់
ស្តាប់ជាសំឡេង

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៦​ខែ​ឆ្នាំ​២០១៩​នេះ មាន​ការកើនឡើង​ជាង​៥០០​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ខណៈ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចាត់ទុក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ថា​ដល់​ចំណុច​ដែល​យើង​ត្រូវ​ប្រកាសអាស្ន​ហើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​បន្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​បន្ថែម ជាពិសេស​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព ដោយ​លោក​អះអាងថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ២០១៩នេះ អ្នករងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កម្រិត​ប្រកាស​អាសន្នហើយ​……………

​សំឡេង​៖

​ការបញ្ជា​យ៉ាង​ដូច្នេះ​របស់លោក ស ខេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ ជាមួយគ្នា​នោះ​លោក ស ខេង ក៏បាន​បញ្ជា​ឱ្យ​បង្កើតឱ្យមាន​រថយន្ត​ចល័ត​តាម​ផ្លូវជាតិ ដើម្បី​ត្រួតពិនិត្យ​អ្នកបើកបរ​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ ក៏បាន​រំលឹក​ពី​ការដាក់​បទបញ្ជា​របស់​ខ្លួន ឱ្យ​រឹតបន្តឹង​លើ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព មិនត្រូវ​អនុញ្ញាតឲ្យ​បន្ត​ធ្វើដំណើ​រ​ទៅមុខ​ឡើយ ដោយ​លោក​បញ្ជាក់ថា ទាល់តែ​អ្នកបើកបរ​ម៉ូតូ​នោះ​យក​មួកសុវត្ថិភាព​មក​ពាក់ ទើប​អនុញ្ញាតឱ្យ​ធ្វើដំណើរបន្តទៅមុខទៀត ហើយ​បញ្ហា​នេះ មិន​អនុវត្ត​តែ​នៅ​រាជធានី​ភ្នំពេញ​នោះទេ គឺ​ត្រូវអនុវត្ត​នៅតាម​បណ្ដា​ខេត្ត​ផងដែរ​។​

​បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្ហាញថា រយៈពេល​៦​ខែ​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​កើតឡើង​ចំនួន ២,១៧១​លើក កើនឡើង ៥៣៨​លើក ស្មើនឹង​ប្រមាណ ៣៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ គ្រោះថ្នាក់​ចរាចរ​ណ៍នេះ បាន​ផ្តាច់ជីវិត​ប្រជាពលរដ្ឋ ១,០៣៣​នាក់ និង​របួស​ចំនួន ៣,២២៤​នាក់​។ របាយការណ៍​ដដែល​បញ្ជាក់ថា អ្នកស្លាប់​៧៦​ភាគរយ ជា​អ្នកបើកបរ​ម៉ូតូ កម្លាំង​ក្រោម​១២៥CC​ចុះ មិន​ពាក់​មួកសុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត