កម្ពុជា​​គួរ​ពង្រឹង​​ប្រព័ន្ធ​​ការពារ​​ច្រក​ចេញ​ចូល​​បន្ថែម​​ឬ​?​

18-07-2019 2:31 pm 582
សំណល់​សំរាម​៨៣ កុងតឺន័រ​ដែល​សមត្ថ​កិច្ច​កម្ពុជា​បង្ក្រាបបាន នៅ​ផែ​ព្រះសីហនុ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៩។

​នៅ​ថ្ងៃទី​១៦ កក្កដា កាកសំណល់​សំរាម​៨៣ កុងទឺន័រ​នាំចូល​ពី​បរទេស ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះសីហនុ​។​សំរាម​ចំនួន​៨៣​ទូ​កុងតឺន័រ​ដែល​ចាប់បាន​នោះ គឺជា​ប្រភេទ​ថង់​ផ្លាស្ទិ​កមាន​ប្រភព​មកពី សហរដ្ឋអាមេរិក និង កាណាដា​។​បញ្ហា​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​មួយ​ប្រាប់​ឱ្យ​កម្ពុជា​គួរ​ពង្រឹង​ប្រព័ន្ធ​ការពារ​ច្រកចេញចូល​បន្ថែម ព្រោះ​វា​អាច​គ្រោះថ្នាក់​ដល់​សង្គម ប្រសិនបើ​សំណល់​សំរាម​នោះ​បង្កប់​ដោយ​ជាតិ​វិទ្យុសកម្ម ឬ​សារធាតុ​គីមី​ណាមួយ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាជន​។​

​រឿងរ៉ាវ ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិក ឆ្លង​រីក​រាលដាល​ពី​ប្រទេសជិតខាង​កម្ពុជា មិនទាន់​បិទ​បញ្ចប់​ផង ស្រាប់តែ​មាន​ផ្ទុះ​នូវ​ករណី​ថ្មី​មួយទៀត គឺ​ទូ​កុងតឺន័រ​ចំនួន ៨៣ ដែល​ផ្ទុក​ពេញ​ទៅដោយ​កាកសំណល់​សំរាម​មាន​ទម្ងន់​ប្រមាណ​១៦០០​តោន ត្រូវបាន​ជនខិលខូច​លួច​នាំចូល​ពី​បរទេស យកមក​ប្លុង​ចោល នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​

​កុងតឺន័រ​ចំនួន ៨៣ ទូ ដែលមាន​ផ្ទុក​កាកសំណល់​សំរាម​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បើក​ប្រតិបត្តិ​ការបង្ក្រាប​នៅ​ថ្ងៃទី ១៦ ខែកក្កដា​នេះ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដោយ​សំរាម​ដែល​ចាប់បាន​នោះ គឺជា​ប្រភេទ​ថង់​ផ្លាស្ទិ​កមាន​ប្រភព​មកពី សហរដ្ឋអាមេរិក និង កាណាដា​។​ចំពោះ​ក្រុមហ៊ុន​ដែល​ឃុបឃិត​ឱ្យ​នាំចូល គេ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​

​ទូ​កុងតឺន័រ​ផ្ទុក​សំរាម​ទាំងនោះ មន្ត្រីជាន់ខ្ពស់​បង្ហើប​ឱ្យដឹងថា ត្រូវបាន​គេ​បញ្ជូនមក​កម្ពុជា​ជាច្រើន​ដំណាក់កាល​។​មូលហេតុ​ដែល​កាកសំណល់​នេះ អាច​នាំចូល​មក​ប្រទេស​កម្ពុជា​បាន ព្រោះ​ប្រទេស​ប្រភពដើម​បាន​ក្លែងបន្លំ​ឯកសារ​នាំចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់លាស់ ពោល​គ្រាន់តែ​សរសេរថា ប្រភេទ​ទំនិញ​កែច្នៃ ប៉ុន្ដែ​ពេលមកដល់​កម្ពុជា ទើប​ស្គែ​ន​ឃើញថា ជា​សំរាម​។​

​ជា​ការពិត ការដែល​ប្រទេសមួយ​សម្រេចចិត្ត​បញ្ជូន​កាកសំណល់​សំរាម ទៅ​ចាក់ចោល​នៅ​ប្រទេស​មួយទៀត​ដល់ផ្ទះ ជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ និង មិនអាច​ទទួលយកបាន​។​មួយវិញទៀត​ចង់​មិន​ចង់ ករណីនេះ វា​បង្ហាញ​ពី​ភាពកម្សោយ​នៃ​ចំណុច​ចន្លោះប្រហោង​ផ្នែក​ប្រព័ន្ធ​ការពារ​នៅតាម​ច្រកចេញចូល​កម្ពុជា ដែល​ខ្វះ​ការត្រួតពិនិត្យ និង​បច្ចេកទេស​គ្រប់គ្រង ទើប​បរទេស​ទាំងនោះ​ហ៊ាន​យក​កម្ពុជា​ជា​កន្លែង​សម្រាប់​ចាក់សំរាម​។​

​កន្លងទៅ​កម្ពុជា​ធ្លាប់​ត្រូវបាន​គេ​រិះគន់ថា ជា​ប្រទេស​ទទួល​កាកសំណល់ ឬ​សំរាម​ដែល​គេ​បោះចោល​នៅ​បរទេស ដោយសារតែ​អំពើពុករលួយ​ចង់មានចង់បាន​ហួសហេតុ​របស់​មន្ត្រី​អ្នកអនុវត្ត​ច្បាប់​មួយចំនួន បើកដៃ​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​។​

​កាលពី​ឆ្នាំ ១៩៩៧ កម្ពុជា​ត្រូវបាន​កោះ​តៃវ៉ាន់​យក​កាកសំណល់​ជាតិគីមី​ជាង ២ ម៉ឺន ៥ ពាន់​តោន​មក​ចាក់ចោល​នៅ​កំពង់សោម ទាល់តែ​សារ​ជាតិគីមី​ទាំងនោះ ធ្វើឱ្យប៉ះពាល់​ដល់​ស្បែក​ពលរដ្ឋ ទើប​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​កោះ​តៃវ៉ាន់​ឱ្យ​ប្រមូល​សំរាម​ទាំងនោះ​ទៅវិញ​។​នេះ​គេ​នៅ​មិន​គិតដល់​ទំនិញ​ខូច​គុណភាព ដូចជា​ស្លាបមាន់ ជង្គង់​មាន់ ជើង​មាន់ រួមទាំង​បន្លែផ្លែឈើខូចគុណភាព​មួយចំនួន​ផ្សេងទៀត​។​

​ជារួម ករណី​សំណល់​ថង់​ផ្លាស្ទិ​កដែល​គេ​យកមក​ប្លុង​ចោល​នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​មួយ​ប្រាប់​ដល់​អាជ្ញាធរ​ខ្មែរ គួរតែ​ប្រឹងប្រែង​ពង្រឹង​ប្រព័ន្ធ​ការពារ​ច្រកចេញចូល​បន្ថែម ខណៈដែល​បញ្ហា​សំរាម​ថង់​ផ្លា​ស្ទិក​កំពុងបង្ក​ជា​ក្តីបារម្ភ​សម្រាប់​ពិភព​លោក​ទាំងមូល​។​បើតាម​មន្ត្រី​ជំនាញ​សំណល់​ថង់​ផ្លា​ស្ទិក ប្រសិន​គេ​យក​វា​ទៅ​ដុតចោល​នឹងធ្វើ​មាន​ផ្សេង​ពុល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ប្រសិនបើ​យក​វា​ទៅ​កប់​ចោល​នឹងធ្វើ​ប៉ះពាល់​គុណភាព​ដី និង​ទឹក​។​

​ការពង្រឹង​ប្រព័ន្ធ​ការពារ​ច្រកចេញចូល អាច​ធ្វើឡើង​តាមរយៈ​ការបង្កើន​ការត្រួតពិនិត្យ និង ការគ្រប់គ្រង​ដោយ​អនុវត្តតាម ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​សារធាតុ​គីមី​ហើយ ជាពិសេស ការចូលរួម​ទប់ស្កាត់​ពី​វិស័យ​ឯកជន​នានា​ផងដែ​រថា តើ​ទំនិញ​ទាំងនោះ​មាន​នៅក្នុង​បញ្ជី​អនុញ្ញាត​ពី​រដ្ឋាភិបាល​ហើយ​ឬ​នៅ​?​តើ​យកមក​បម្រើ​វិស័យ​អ្វី​ជា​ផល​វិជ្ជមាន​ឬ​អត់​?

​ម្យ៉ាងវិញទៀត កម្ពុជា​គួរ​ស្រាវជ្រាវ​បន្ថែម​ទាក់ទងនិង​ការតាក់តែង​ច្បាប់​បទដ្ឋាន​គតិយុត្ត​ណា​ដែល​ត្រូវ​ទៅតាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ដើរ​ឱ្យទាន់​របត់​ពិភពលោក និង ប្រទេស​នៅក្នុង​តំបន់​ក្នុង​បំណង​យកមក​ផ្សព្វផ្សាយ​ទូទៅ​សម្រាប់​មហាជន​ស្វែងយល់​ដឹង ដើម្បី​ចូលរួម​ទប់ស្កាត់​។ ព្យាយាម​បោះ​សម្អាត​មន្ត្រី​ពុករលួយ​នៅតាម​ច្រកចេញចូល​នានា ព្រោះថា សំណល់​សំរាម​ថង់​ផ្លា​ស្ទិក ភាគច្រើន​លូចនាំ​ចូលទៅ កាន់​ប្រទេស​កម្រោយ​ការត្រួតពិនិត្យ និង សំបូរ​ទៅដោយ​អំពើពុករលួយ​៕

 ពាក្យគន្លឹះ  សំរាមក្រុងព្រះសីហនុ

ព័ត៌មានផ្សេងទៀត