តួ​ក​គី​​ពិតជា​ត្រូវ​​អាមេរិក​​ដក​ចេញពី​​កម្មវិធី​​យន្ដហោះ​​ចម្បាំង​​F-35​មែន​

18-07-2019 11:25 am 655

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១៧​មិថុនា​បាន​និយាយថា បានសម្រេច​ព្យួរ​តួ​ក​គី​ពី​កម្មវិធី​យន្ដហោះ​ចម្បាំង​F-35​ហើយ​។ ជា​ការផ្លាស់ប្ដូរ​មួយ​បន្ទាប់ពី​អាមេរិក​ចេញ​ការព្រមាន​តាំងពី​យូរ ប៉ុន្ដែ​តួ​ក​គី​មិន​ស្ដាប់​ហើយ​ថែមទាំង​ព្រម​ទទួលយក​ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​របស់​រុស្ស៊ី​ទៀត​។ ការសម្រេចចិត្ដ​របស់​អាមេរិក​ធ្វើឡើង​ក្រោយពេល​ទីក្រុង​អង់កា​រ៉ា ចាប់ផ្ដើម​ទទួលយក​សម្ភារ​ដំឡើង​ប្រពន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន​។​

​សម្ភារ​ទាំង​នោះបាន​ដឹក​មកដល់​មូលដ្ឋាន​ទ័ពអាកាស​តួ​ក​គី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ជា​សញ្ញា​បង្ហាញថា​តួ​ក​គី​និង​រុស្ស៊ី​បានបញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​ជាមួយគ្នា​ហើយ ខណៈ​អាមេរិក​បាន​ព្យាយាម​រារាំង​ជាច្រើន​ខែ​តែ​គ្មាន​ប្រសិទ្ធភាព​។ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយថា អាមេរិក​និង​ដៃគូ​សហការ​លើ​កម្មវិធី​យន្ដហោះ​ចម្បាំង​F-35 បាន​សម្រេចចិត្ដ​ផ្អាក​តួក​គីពី​កម្មវិធី ហើយ​កំពុង​ចាប់ផ្ដើម​ពិភាក្សា​ដើម្បី​ដក​តួ​ក​គី​ចេញ​ជា​ផ្លូវការ​តែម្ដង​។ អ្នកស្រី​អនុរដ្ឋលេខាធិការ​បន្ថែម​ថា អាមេរិក​កំពុង​ចំណាយ​ប្រាក់​ចន្លោះ​ពី​៥០០​ទៅ​៦០០​លាន​ដុល្លារ ក្នុង​វិស័យ​វិស្វកម្ម​ដែល​មិនទាន់​កើតឡើង​ដើម្បី​ប្ដូរ​ខ្សែសង្វាក់​ផ្គត់ផ្គង់​។​

​តាមរយៈ​ការប្រើប្រាស់​របស់​ប្រទេស​សមាជិក​អង្គកា​រណា​តូ យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F-35 ជា​យន្ដហោះ​ទំនើប​បំផុត​ក្នុង​លោក​។ ទីក្រុង​វ៉ាស៊ីនតោន​បារម្ភ​ថា​ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400 ស្របពេល​តួ​ក​គី​មាន​យន្ដហោះ​F-35 អាចឲ្យ​រុស្ស៊ី​ទទួលបាន​ព័ត៌មានស​ម្ងាត់​របស់​យន្ដហោះ​ចម្បាំង​នេះ​។ សេត​វិមាន​បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា យន្ដហោះ F-35 មិនអាច​ធ្វើការ​រួមគ្នា​ជាមួយ​ប្រព័ន្ធ​ប្រមូល​ព័ត៌មាន​សម្ងាត់​រុស្ស៊ី​ឡើយ បើ​មិន​អ៊ីចឹង​ទេ​រុស្ស៊ី​ប្រាកដជា​អាច​ទទួលបាន​ព័ត៌មាន យកទៅ​អភិវឌ្ឍ​សមត្ថភាព​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​បន្ថែម​។​

​ចំណែក​មន្ទីរ​បញ្ច​កោណ​បានដាក់​ផែនការ​រួចហើយ ដើម្បី​ដក​តួ​ក​គី​ចេញពី​កម្មវិធី​អភិវឌ្ឍន៍​យន្ដហោះ​ចម្បាំង​F-35 ក្នុងនោះ​រួមបញ្ចូល​ការបញ្ឈប់​ការហ្វឹកហាត់​ដល់​អ្នកបើក​យន្ដហោះ​តួ​ក​គី​ផងដែរ​។ រីឯ​អ្នកនាំពាក្យ​ក្រុមហ៊ុន​Lockheed Martin Corp ជា​ក្រុមហ៊ុន​ម៉ៅការ​យន្ដហោះ​ចម្បាំង​F-35​បាន​និយាយថា ស្ថានភាព​ជាមួយ​ប្រទេស​តួ​ក​គី គឺជា​បញ្ហា​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ដូច្នេះ​ក្រុមហ៊ុន​នឹង​គោរព​តាម​ការណែនាំ​ចេញ​ដោយ​រដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត