​ព្រឹទ្ធសភា​៖ ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ជា​ការ​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​

18-07-2019 11:22 am 326

​អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បាន​សម្តែង​ការសោកស្តាយ ចំពោះ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដែល​ថ្មីៗ​នេះ បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩​។ ព្រឹទ្ធសភា បញ្ជាក់ថា ការអនុម័ត​ច្បាប់​នេះ បង្ហាញឱ្យឃើញ​ពី​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ បាន​បញ្ជាក់ទៀតថា តាំងពី​ឆ្នាំ​១៩៩៣​មក ការ​បោះឆ្នោត​ទាំងឡាយ​នៅ​កម្ពុជា តែង​ប្រព្រឹត្តទៅ​ដោយ​ទៀងទាត់​តាម​ពេលវេលា​កំណត់ ដោយ​មាន​គណបក្ស​ច្រើន​ចូលរួម ហើយ​ស្ថិត​ក្រោម​ភ្នែក​របស់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​។ ការបោះ​ឆ្នោត​ទាំង​នោះ សុទ្ធតែ​ត្រូវបាន​ទទួលស្គាល់ថា សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួលយក​បាន​ទាំងអស់គ្នា​។

​សេចក្តីថ្លែងការណ៍​បន្ត​ថា កម្ពុជា​ត្រូវ​ការពារ​នីត្យានុកូលភាព ធានា​សណ្តាប់ធ្នាប់ និង​សន្តិ​-​សុខ​សាធារណៈ ហើយ​ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​ពី​បរទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ទោះបី​ក្រោម​រូបភាព​ណាក៏ដោយ​។​

​ភ្លាមៗ​ក្រោយ​ការអនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា ពី​សំណាក់​សភាតំណាងរាស្ត្រ​អាមេរិក រដ្ឋាភិបាល តាមរយៈ​ក្រសួងការបរទេស និង​រដ្ឋ​សភា​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការខកចិត្ត និង​បដិសេធ​ដាច់អហង្ការ នូវ​ការចោទប្រកាន់​ទាំងឡាយណា មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។​

​គួរបញ្ជាក់​ថា ច្បាប់​នេះ នឹង​បើកផ្លូវ​ឱ្យ​អាមេរិក​អាចដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង ទិដ្ឋាការ​លើ​មន្ត្រី​យោធា និង ស៊ីវិល​របស់​កម្ពុជា​ណា​ដែល​អាមេរិក​គិតថា មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្លាក់ចុះ ឬ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ។ ទណ្ឌកម្ម​ទាំងនោះ​រួម​មាន​ពីរ​ធំៗ គឺ​ទីមួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឱ្យ​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ទី​ពីរ គឺ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង អ្នកពាក់ព័ន្ធ​។​ការអនុម័ត​នេះ គ្រាន់តែ ជា​ជំ​ហ៊ាន​ដំបូង ឯ​ជំហាន​បន្ទាប់ គឺ​នឹង​ត្រូវ​បញ្ជូន​ទៅ​សភា​ជាន់ខ្ពស់ (​ព្រឹទ្ធសភា​) ដើម្បី​ពិនិត្យ និង អនុម័ត មុននឹង​បញ្ជូន​ទៅ​ប្រធាធិបតី​ចុះហត្ថលេខា ប្រកាស់​សុពលភាព​ដាក់ឱ្យ​ប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត