ខួប​៥​ឆ្នាំ​​នៃ​ការធ្លាក់​​យន្ដហោះ​MH17​​សាច់ញាតិ​​ជនរងគ្រោះ​​នៅតែ​ទាមទារ​​យុត្ដិធម៌​

18-07-2019 9:16 am 219

​គិត​ត្រឹម​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ជា​ខួប​៥​ឆ្នាំ​នៃ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH17 បណ្ដាលឲ្យ​មនុស្សទាំង​២៩៨​នាក់​នៅលើ​យន្ដហោះ​ស្លាប់​ទាំងអស់​។ សោកនាដកម្ម​កាល​នោះបាន​បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​និង​រន្ធត់​ចិត្ដ​ជាខ្លាំង ពិសេស​បំផុត​សាច់ញាតិ​ជនរងគ្រោះ​ទាំងអស់ នៅតែ​មិន​ដាច់​អាល័យ​និង​ចង់បាន​យុត្ដិធម៌​សម្រាប់​អ្នកស្លាប់ ខណៈដំណើរ​ការស៊ើបអង្កេត​និង​ការកាត់ក្ដី​មិនទាន់មាន​លទ្ធផល​ជា​ដុំកំភួន​នៅឡើយ​។​

​យន្ដហោះ​បាន​ធ្លាក់​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ក្រោយ​ហោះ​ចាកចេញ​ពី​ទីក្រុង​អាម​ស្ទែ​ដាម​ប្រទេស​ហូ​ឡង់ ឆ្ពោះទៅកាន់​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​ឆ្នាំ​២០១៤​គឺ​នៅពេលដែល​យន្ដហោះ​ធ្លាក់ ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែនជា​តំបន់​មានការ​ប្រយុទ្ធ​គ្នា រវាង​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុ​យក្រែន​។ 

តាម​របាយការណ៍​ស៊ើបអង្កេត​បង្ហាញថា យន្ដហោះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី ប៉ុន្ដែ​រហូតដល់​បច្ចុប្បន្ន​រុស្ស៊ី​នៅតែ​បដិសេធ​មិន​ព្រម​ទទួលស្គាល់ ជាហេតុ​ធ្វើឲ្យ​ការ​កាត់សេចក្ដី​នៅ​មិនទាន់​ដាច់ស្រេច​។ តែ​យ៉ាងណាមិញ​ក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​កាលពី​ខែ​មុន បាន​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​បីនាក់​និង​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់ ជុំវិញ​ករណី​ឃាតកម្ម​បាញ់​ទម្លាក់​យន្ដហោះ​MH17​។ វា​ជា​លើកដំបូង​នៃ​ការបង្ហាញ​ឈ្មោះ​មនុស្ស​ជា​អ្នកទទួលខុសត្រូវ លើ​ហេតុការណ៍​ដ៏​អាក្រក់​នេះ​។ ប៉ុន្ដែ​រដ្ឋអាជ្ញា​ហូ​ឡង់​ជា​អ្នកទទួលបន្ទុក​កិច្ចការ​នេះ នៅ​ពុំទាន់​អាច​នាំខ្លួន​ពួកគេ​មក​ទទួលទោស​បានឡើយ ព្រោះ​ច្បាប់​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ហាមឃាត់​លើ​ការធ្វើ​បត្យាប័ន​។ 

និយាយ​ពី​សាច់ញាតិ​ជនរងគ្រោះ​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​រម្លឹក​ខួប​នៅ​វិមាន​ជាតិ​ក្នុងប្រទេស​ហូ​ឡង់ ពួកគេ​បាន​ទទូច​ជាថ្មី​សុំឲ្យ​មន្ដ្រី​ទទួលបន្ទុ​កកិច្ចការ​ស៊ើបអង្កេត ត្រូវតែ​ស្វែងរក​យុត្ដិធម៌​សម្រាប់​អ្នកស្លាប់ ព្រោះ​ពួកគេ​ស្លាប់​ទាំង​អ​យុត្ដិធម៌​បំផុត​។ ចំណែក​នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ក៏មាន​ការជួបជុំ​រម្លឹក​វិញ្ញាណក្ខន្ធ​ដូចគ្នា​ដែរ ជាមួយនឹង​អារម្មណ៍​អាឡោះអាល័យ​និង​សោកស្ដាយ​បំផុត ហើយ​រឿង​ដែល​សំខាន់​ពួកគេ​ចង់ឲ្យ​អ្នកប្រព្រឹត្ដ​ទទួលខុសត្រូវ​តាមច្បាប់​៕

ព័ត៌មានផ្សេងទៀត