ក្រសួង​រកឃើញ​ភាពមិនប្រក្រតី​នៃ​ការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​២១

17-07-2019 9:34 pm 359

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ភាគី​វិទ្យាស្ថាន KICT នៅ​រសៀល​ថ្ងៃ​ទី​១៧ កក្កដា លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បង្ហើប​អំពី​ការរកឃើញ​នូវ​ភាពមិនប្រក្រតី​មួយចំនួន​ក្នុង​ការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​២១ ។ លោក​ថា ក្រសួង​នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​តាមដាន​ការអនុវត្ត​ការជួសជុល​ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវ​នេះ.. 

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​បាន​រកឃើញ​ភាពមិនប្រក្រតី​មួយចំនួន ទាក់ទង​នឹង​គុណភាព​ផ្លូវជាតិ​លេខ​២១ បន្ទាប់ពី​សាងសង់​រួចរាល់ និង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង ត្រូវតែ​ធ្វើការ​ដោយ​ផ្តោត​ទៅលើ​គុណភាព​ជា​ចម្បង មុន​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។​

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន KICT នា​រសៀល​ថ្ងៃ​ទី​១៧ កក្កដា លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ថា ក្រសួង​នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​តាមដាន​ការអនុវត្ត​ការជួសជុល​ផ្នែក​ខ្លះ នៃ​កំណាត់​ផ្លូវជាតិ​លេខ​២១ ដែល​សាងសង់​មិន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ត្រង់ចំណុច​ដែល​បាន​ជួសជុល​រួច មាន​ស្នាម​បែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង និង​បាន​កំពុង​ទទួល​រង​ការខូចខាត​បណ្តើរៗ ។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​លើកឡើង​អំពី​បញ្ហា​កង្វល់​របស់​ខ្លួន និង​ផ្តល់​ធាតុ​ចូល ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី​ទាំងនោះ ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​ក្នុង​ការជួសជុល កែតម្រូវ​ផ្លូវ​នេះ​ឱ្យមាន​គុណភាព​ទទួលយក​បាន និង​រឹងមាំ ប្រើប្រាស់​បាន​យូរអង្វែង ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៦ កក្កដា លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យមើល​គុណភាព​ស្ថានភាព​សាងសង់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​ពហុ​កីឡដ្ឋាន​ស្រុក​កោះធំ រហូត​ដល់​ភូមិ​ជ្រៃ​ធំ ព្រំប្រទល់​ប្រទេស​វៀតណាម ដោយ​បាន​រកឃើញ​ផ្នែក​ខ្លះ​នៃ​កំណាត់​ផ្លូវ​នោះ មាន​ស្នាម​បែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង ។ 

​លោក​ក៏​បាន​ស្នើ​ឱ្យ​ភាគី KICT ពិនិត្យ​លទ្ធភាព​ជួយ​ផ្តល់​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត ដើម្បី​ថ្លឹង​រថយន្ត​ដឹក​ទំនិញ​លើស​កម្រិត​កំណត់ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ចរាចរណ៍​ចេញពី​ប្រទេស​វៀតណាម​មក​កម្ពុជា ដោយហេតុ​ថា​ផ្លូវ​នេះ មាន​លក្ខណៈ​តូចចង្អៀត មិន​អាច​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ម្ខាង​ផ្លូវ​ជាប់​ទន្លេ​បាសាក់​បាន ៕

ព័ត៌មានផ្សេងទៀត