កម្ពុជា​ស្នើសុំ​អ្នកឯកទេស​អូស្ត្រាលី ឲ្យជួយ​ពង្រឹង​វិស័យ​សំណង់​

17-07-2019 5:23 pm 332
  ស្តាប់
លោកជា សុផារ៉ាអំឡុងពេលជួបជាមួយលោកស្រីAngela Corcoran
ស្តាប់ជាសំឡេង

​លោក​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការក្រសួង នា​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុងជំនួប​នោះ លោក​ជា សុផារ៉ា បាន​ស្នើសុំ​ទីប្រឹក្សា​ឬ​អ្នកឯកទេស​២​រូប ពី​អូស្ត្រាលី ឲ្យមក​ជួយ​ការងារ ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា ទីប្រឹក្សា ឬ​អ្នកឯកទេស​២​រូប ដែល​កម្ពុជា​ស្នើសុំ​នោះ ម្នាក់​មក​ធ្វើជា​គ្រូ​បណ្តុះបណ្តាល ហើយ​ម្នាក់ទៀត​ជា​ទីប្រឹក្សាបច្ចេកទេស សម្រាប់​ប្រចាំការ​ផ្ទាល់​នៅ​ទីស្តីការក្រសួង ដើម្បី​ជា​ជំនួយ​គាំទ្រ​ក្នុង​ការរៀបចំ​និង​អនុវត្តន៍​បទ​បញ្ញតិ្ត​បច្ចេកទេ​សនានា ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប លោកស្រី Angela Corcoran ថា​នឹង​ពិនិត្យ​ពិចារណា​សំណើ​នេះ បន្ទាប់ពី​ទទួលបាន​របាយការណ៍​បេសកកម្ម​ចុងក្រោយ របស់​ទីប្រឹក្សាបច្ចេកទេស​។ លោកស្រី​ឯកអគ្គរដ្ឋទូត​ថា នឹងមាន​ជំនួប​បន្ថែមទៀត ដើម្បី​ពិភាក្សា​លម្អិត អំពី កិច្ចសហប្រតិបត្តិការ រយៈពេល​យូរ រវាង​ស្ថានទូត​អូស្ត្រាលី និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​។​

​ជាមួយគ្នា​នោះ លោក​ជា សុផារ៉ា​ក៏​បានស្នើ​លោកស្រី Angela Corcoran ជួយ​គាំទ្រ ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​អនុញ្ញាតឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង ទៅ​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​បន្ថែម ពី​ការគ្រប់គ្រង​សុវត្ថិភាព លើ​វិស័យ​សំណង់​ក្នុងប្រទេស​អូស្ដ្រាលី និង​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ពាក់ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។ ស្នើឲ្យ​ជួយ​បណ្តុះបណ្តាល ខណៈ​កម្ពុជា​កំពុងមាន​តម្រូវការ​បន្ទាន់ ក្នុង​ការកសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិស័យ​សំណង់ ដោយសារ​វិស័យនេះ កំពុងមាន​សន្ទុះ​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​វិស័យ​សំណង់​កំពុងមាន​សន្ទុះ​ខ្លាំង កម្ពុជា​ក៏​ជួប​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​វិស័យនេះ​ផងដែរ​។​

​សំណើសុំ​ទីប្រឹក្សា អ្នកឯកទេស​ពី​ប្រទេស​អូស្ត្រាលី ឲ្យជួយ​ពង្រឹក​វិស័យ​សំណង់ ធ្វើឡើង​ក្រោយ​កម្ពុជា ជួបប្រទះ​ហេតុការណ៍​បាក់​រលំ​អគារ​ដែល​កំពុង​សាងសង់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ និង​រងរបួស​ចំនួន​២៦​នាក់​។ មូលហេតុ​ពិតប្រាកដ បណ្តាលឲ្យ​អគារ​កម្ពស់​៧​ជាន់​បាក់​រលំ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់ថា ការដួលរលំ​អគា​រកំ​ពុង​សាងសង់ នៅ​ក្រុងព្រះសីហនុ គឺ​ស្ថិតនៅក្នុង​ឧបទ្ទវហេតុ​បច្ចេកទេស​នៃ​សំណង់​សុទ្ធសាធ​។ យ៉ាងណា អង្គភាព​អ្នកនាំពាក្យ បាន​ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​ផ្លូវការ​របស់​គណៈកម្មកា​រ​ជាតិ ដែល​ទទួលបន្ទុក​ស្រាវជ្រាវ​ករណី​បាក់​រលំ​អគារ​នេះ​៕

 ពាក្យគន្លឹះ  វិស័យសំណង់

ព័ត៌មានផ្សេងទៀត